ការក្រើនរំលឹកពីកិច្ចការពារ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ បានធ្វើការក្រើនរំលឹកអំពាវនាវសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជ្ជាប់ខ្ជួន ដើម្បីកុំឲ្យកើតមានជំងឺកូវីដ-១៩ ដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតផងដែរ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថាមានករណីជំងឺកូវីដ-១៩ កើនដល់ជិត១០លាននាក់ និងមានអ្នកស្លាប់កើនដល់ជិតកន្លះលាននាក់ហើយ។ ចំនួនអ្នកស្លាប់នេះ គឺភាគច្រើនបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកលើផ្លូវសរីរាង្គផ្លូវដង្ហើមរបស់អ្នកជំងឺដោយវីរុសកូវីដ-១៩ ដែលធ្វើឲ្យអ្នកជំងឺមានស្ថានភាពពិបាកដកដង្ហើម ត្រដរខ្យល់ ប្រវេសប្រវាសរកការជួយផ្តល់ខ្យល់ដកដង្ហើម និងឈានទៅរកការមិនមានលទ្ធភាពដកដង្ហើមខ្លួនឯង ហើយដាច់ដង្ហើម និងដាច់ខ្យល់ស្លាប់តែម្តង។ បើមានស្ថានភាពអាក្រក់បែបនេះ (មានរូបភាពបង្ហាញជាឧទាហរណ៍ភ្ជាប់ជូនមកជាមួយស្រាប់) គឺគ្រូពេទ្យមានការលំបាកក្នុងការជួយសង្គ្រោះ ហើយភាគច្រើនលើសលុប គឺមិនអាចជួយសង្គ្រោះបានឡេីយ។ ដូច្នេះ មានតែកិច្ចការពារកុំឲ្យឆ្លងវីរុសកូវីដ-១៩ នេះទេ ដែលអាចជួយបុគ្គលម្នាក់ៗ ឲ្យបានរួចចាកផុតពីសភាពវ៉ៃលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ លេីសរីរាង្គផ្លូវដង្ហេីម ឈានដល់ការបាត់បង់ជីវិតនេះបាន។ ត្រូវនាំគ្នាបន្តអនុវត្តន៍វិធានការការពារដែលបានដាក់ចេញ ជាពិសេសចៀសវាងកន្លែងប្រមូលផ្តុំគ្នាច្រេីន នៅក្នុងកន្លែងបិទជិត ដោយប្រេីប្រាស់ម៉ាស៊ីនត្រជាក់ច្រេីន ហេីយគ្មានខ្យល់ចេញចូល ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់ អនាម័យដៃស្អាតជានិច្ច និងរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលលេីសពីមួយម៉ែត្រកន្លះឡេីង គឺជាការចាំបាច់ដែលត្រូវតែនាំគ្នាអនុវត្តន៌នៅក្នុងដំណាក់កាលទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នេះ៕