ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី នាំយកទៀនវស្សា បច្ច័យនិងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ

91

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនិងលោកស្រីជា ស៊ីណាឃួង ស្រេង និងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន មកប្រគេនជូនព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន១៥០វត្ត ក្នុងរាជធានីភ្នំពេញ

  ពីធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៦ខែមិថុនានេះនៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្ងិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ

  លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យចូលព្រះវស្សាត្រូវបានបាត់បង់សាបសន្យនៅក្នុងរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ តែក្រោយថ្ងៃទី៧មករាឆ្នាំ១៩៧៩ ពិធីបុណ្យនេះក៏បានកើតមានឡើងវិញ ដោយសារសម្តេតេជោ យកជីវិតធ្វើជាដើមទុនទៅ រំដោះប្រទេសនិងធ្វើអោយប្រទេសដែលផ្តើមពីចំណុចសូន្យ មានការរីកចំរើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។

លោកឃួង ស្រេង ក៏បានស្នើសុំអោយបងប្អូនពុទ្ធបរិស័ទទាំងអស់ ប្រាប់ទៅកូនចៅអោយដឹងពីការបាត់បង់ ពីការឈឺចាប់និងវិនាសកម្មដោយសង្គ្រាម ពិសេសគឺ ការទប់ស្កាត់កុំអោយរបបប៉ុលពតវិលត្រឡប់មកវិញ។

  លោកបញ្ជាក់ផងដែរថា សម្រាប់វត្តទាំង១៥០វត្ត ក្នុង១វត្តៗទទួលបាន ទៀនវស្សា១គូ  ស្លាតក់១គូ ប្រេង១កានទឹកដោះ ១កេស ស្កស១បាវ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ទឹកដោះគោ១កេស៤៨កំប៉ុង អង្ក១០០គីឡូក្រាម និងបច្ច័យ១០ម៉ឺនរៀល។

   ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ ក្នុងពិធីនេះដែរព្រះសង្ឃចំនួន៣១អង្គក៏ត្រូវបានលោកអភិបាលរាជធានីប្រគេនក្នុង១អង្គចំនួន៥ម៉ឺនរៀល ប្រគល់ជូនយាយជី តាជី ចំនួន៣៦នាក់ ដែលម្នាក់ៗទទួលបានក្រណាត់ស១ដុំ ថវិកា២ម៉ឺនរៀលនិងក្មេងវត្ត៨នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ។

   គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ជាទំលាបពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណីនិងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង