ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មាន​លម្អិត រថយន្តបុក​រថយន្ត​នៅ​កៀនស្វាយ ស្លាប់​៣​នាក់​, របួស​៤៧​នាក់​

1,458

 

​កណ្ដាល​៖​ព័ត៌មាន​លម្អិត ក្នុងករណី​គ្រោះថ្នាក់​រវាង​រថយន្ត​ដឹក​កម្មករ​.​កម្មការិនី និង​រថយន្ត​បែន​ដឹក​ដី​បើក​បុក​គ្នា​ចំ​ពេញទំហឹង នៅ​ផ្លូវជាតិ​លេខ​១ នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​គិត​មកដល់​ថ្ងៃទី​២៦ ខែ​ឆ្នាំ​ដដែល​នេះ ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៣​នាក់ និង​អ្នករងរបួស​ធ្ងន់​ស្រាល​មាន​ចំនួន​៤៧​នាក់ ហើយ​អ្នករបួស​ភាគច្រើន​ជា​កូនចៅ​អ្នក​ខេត្តព្រៃវែង ដែល​មក​បម្រើ​ការងារ​នៅ​រោងចក្រ នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​សំណាក់​លោក​ព្រុំ សំអុល ប្រធាន​ផ្នែក​ចរាចរណ៍​ប៉ូលិស​ស្រុក​កៀនស្វាយ និយាយប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា​នេះ​។​

​លោក​ប្រធាន​ផ្នែក​ចរាចរណ៍​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ចំពោះ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បើ​គិត​មកដល់​ថ្ងៃនេះ ទី​២៦​ខែមិថុនា មាន​ចំនួន​កើន​ដល់​៣​នាក់​ហើយ ក្នុងនោះ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត នៅនឹងកន្លែង​ក្នុង​ថ្លុកឈាម នៅ​កន្លែងកើតហេតុ និង​កម្មការិនី​២​នាក់​ទៀត​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។​
ចំពោះ​អ្នកស្លាប់​ទាំង​៣​នាក់​នោះ រួមមាន​៖​ទី​១ ឈ្មោះ​ម៉ម ប៉ិច​សារ​ក្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​តៃកុង​ឡាន ស្នាក់នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ស្លាប់​នៅ​កន្លែងកើតហេតុ​។
​ទី​២ ឈ្មោះ​លន់ ចន្ថា ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មការិនី ស្នាក់នៅ​ឃុំ​ជៃ​កំពត ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង និង​ទី​៣ ឈ្មោះ​យ៉ែម វណ្ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី រស់នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ កម្មការិនី​២​នាក់​នេះ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​យប់​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រ​វា​រថយន្ត​បែន​ដឹក​ដី និង​រថយន្ត​ដឹក​កម្មករ​.​កម្មការិនី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨ និង​៤៩ ចំណុច​ភូមិ​ពោធិ​មៀ​វ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​កម្មករ​.​កម្មការិនី​រងរបួស​ធ្ងន់​ស្រាល ប្រមាណ​៤៧​នាក់ ហើយ​បច្ចុប្បន្នកំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

អត្ថបទដែលជាប់ទាក់ទង