អង្គរជាដួងព្រលឹងជាតិ មិនអនុញ្ញាតឱ្យបុគ្គល ឬគណបក្សនយោបាយណា យករូបភាពអង្គរដើម្បីកេងចំណេញនយោបាយឡើយ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បញ្ជាក់ជាថ្មីថា អង្គរជានិមិត្តរូបនៃភាពឧត្តុង្គឧត្តម និងជាដួងព្រលឹងជាតិ ដោយមិនអនុញ្ញាតឱ្យបុគ្គល ឬគណបក្សនយោបាយណា យករូបភាពអង្គរទៅពាក់ព័ន្ធនឹងសកម្មភាពរបស់ខ្លួន ដើម្បីកេងចំណេញនយោបាយឡើយ។
ការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានេះ បន្ទាប់ពីគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតរយ្យ (LDP) បានធ្វើការប្រមូលផ្តុំសកម្មជនគាំទ្ររបស់ខ្លួន នៅបរិវេណប្រសាទអង្គវត្ត ដើម្បីជាប្រយោជន៍នយោបាយ។
អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញប្រតិកម្មចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយក្យ (LDP) ដែលបានធ្វើសកម្មភាពប្រមូលផ្ដុំសកម្មជនគាំទ្ររបស់ខ្លួននៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្សរបស់ខ្លួន។
ពាក់ព័ន្ធនឹងសកម្មភាពនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ទង្វើរបែបនេះ គឺមិនអាចទទួលយកបានទេ ដោយមូលហេតុថា អង្គរជានិម្មិតរូបនៃភាពឧត្តុង្គឧត្តម សាមគ្គីភាព ឯកភាពជាតិ ជាពិសេសគឺជាតំណាងនៃដួងព្រលឹងជាតិ។ ការយករូបភាពប្រាសាទអង្គរទៅពាក់ព័ន្ធនឹងសកម្មភាព ដើម្បីកេងចំណេញនយោបាយរបស់គណបក្ស ឬក្រុមណាមួយនោះ គឺជាទង្វើប្រាសចាកឆ្ងាយពីគុណតម្លៃរបស់អង្គរ ដែលជាមរតករបស់មនុស្សជាតិដ៏អស្ចារ្យ។ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានធ្វើការប្រកាសជាសាធារណៈហើយដែរអំពីការហាមឃាត់ ក្នុងការយកអង្គរទៅភ្ជាប់នឹងទិដ្ឋភាពនយោបាយផ្សេងៗ។
អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងយករូបភាពអង្គរទៅប្រើប្រាស់ ដើម្បីកេងចំណេញលើផ្នែកនយោបាយរបស់ខ្លួន។ ម្យ៉ាងទៀត ការប្រមូលផ្ដុំគ្នារបៀបនេះ ក៏ជាការបំពាននឹងការណែនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាការស្នើសុំមិនឲ្យមានការប្រមូលផ្តុំក្នុងលក្ខណៈទ្រង់ទ្រាយធំជាដើម៕