ក្រសួងសាធាណការ កំពុងសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ ប្រវែង ៩៨,៣៤គីឡូម៉ែត្រ ក្នុងក្រុងសៀមរាប
សៀមរាប៖ ក្រសួងសាធាណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨,៣៤គីឡូម៉ែត្រ ក្នុងក្រុងសៀមរាប ត្រូវបានសិក្សាក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុងសៀមរាប ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងខេត្តសៀមរាប។
ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គីឡូម៉ែត្រ ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។
ថ្លែងនៅក្នុងមតិស្វាគមន៍ ឯកឧត្ដមអភិបាលខេត្ត បានឱ្យដឹងថា៖ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែនេះ ដែលបានសិក្សានេះគឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។
ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសហនុ ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានលើកឡើង គម្រោងដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គីឡូម៉ែត្រ បំបែកពីផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រ ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គីឡូម៉ែត្រ ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គីឡូម៉ែត្រ បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គីឡូម៉ែត្រ២៩១ ដល់គីឡូម៉ែត្រ ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។
សូមបញ្ជាក់ផងដែរថា៖ គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំ
បណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា។
ម្យ៉ាងទៀត គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន៕