តុលាការ ឃុំខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ពី បទចោទប្រកាន់រំលោភដីសាធារណរបស់រដ្ឋរាប់ពាន់ហិកតា
ភ្នំពេញ៖ លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ពីបទចោទប្រកាន់រំលោភដី សាធារណរបស់រដ្ឋរាប់ពាន់ហិកតា នៅខេត្តមណ្ឌលគិរី ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានលើកឡើងថា លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ចំនួន៤ ដែលរួមមាន បទល្មើសឆរបោកមានស្ថានទម្ងន់ទោស, បទរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ, បទគំរាមកំហែងមិនឱ្យប្តឹងផ្តល់ និងបទកាន់កាប់អាវុធដោយខុសច្បាប់។
គួរជម្រាបថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ នៅពេលចូលទៅបំភ្លឺករណីពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕