មកស៊ីឈ្នួលភ្ជួរដីស្រែចំមីនតោន បណ្តាលឲ្យរងរបួសធ្ងន់ ដាច់ជើងខាងឆ្វេង លើក្បាលជង្គង់
ខេត្តបាត់ដំបង៖ អាជ្ញាធរមីន បានឲ្យដឹងថា មានគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនធ្វើឱ្យរងរបួសធ្ងន់អ្នកបើកបរត្រាក់ទ័រ និងធ្វើឱ្យខូចខាតត្រាក់ទ័រមួយគ្រឿង ដែលគ្រោះថ្នាក់នេះកើតឡើងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង រីឯជនរងគ្រោះមកពីស្រុកបាកាន ខេត្តពោធិ៍សាត់។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីផ្ទុះមីនតោន។ ជនរងគ្រោះឈ្មោះ ជន ន័ល ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឧកញ្ញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួលភ្ជួរដីស្រែនៅចំណុចកើតហេតុខាងលើ ហើយក៏បានភ្ជួរចំមីនតោន បណ្តាលឲ្យរងរបួសធ្ងន់ដាច់ជើងខាងឆ្វេងលើក្បាលជង្គង់ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចូលទៅតំបន់ណា ដែលសង្ស័យថាមានមីន និងគ្រាប់មិនទាន់ផ្ទុះ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឬកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕