ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ម្ចាស់​ស្តង់​ទិញ​លក់​អែ​ត​ចាយ យក​គ្រាប់កាំភ្លើង​ធំ​១០៥​មី​លី្ល​ម៉ែត្រ​មក​កែច្នៃ​ធ្វើ​ឧបករណ៍​គ្រឿងបន្លាស់ បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​

244

 

​នៅ​ល្ងាច​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ករណី​ផ្ទុះ​គ្រាប់កាំភ្លើង​ធំ​១០៥​មី​លី្ល​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​បុរស អាយុ​៥៥ ឆ្នាំ​ជា​ម្ចាស់​ស្តង់​ទិញ​លក់​អែ​ត​ចាយ និង​កែច្នៃ​ធ្វើ​ឧបករណ៍​គ្រឿងបន្លាស់​ផ្សេងៗ​។

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា សូម​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​សព​។​
​ឆ្លៀតឱកាស​នេះ សូម​អំពាវនាវ​ជាថ្មី​ចំពោះ​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ប្រកបមុខរបរ​គ្រឿង​អេតចាយ សូម​បញ្ឈប់​ការយក​គ្រប់​សំណល់​ពី​សង្គ្រាម​មក​កែច្នៃ ព្រោះ​វា​ខុសច្បាប់ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង សមាជិកគ្រួសារ និង​អ្នកជិតខាង​។

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សាកសព​ត្រូវ​បែកខ្ចាយ​ជា​បំណែកៗ ដោយសារ​ឥទ្ធិពល​នៃ​គ្រាប់បែក ដែល​ខ្លួន​បាន​យកមក​កែច្នៃ គ្មាន​បច្ចេកទេស​។ ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង ១២៖៤៥​នាទី ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​សិប្បកម្ម​កែឆ្នៃ​គ្រឿងយន្ត​កសិកម្ម មាន​ទីលំនៅ​ភូមិ ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ប្រភព​បាន​រៀបរាប់​សាច់រឿង​ថា តាម​ការបំភ្លឺ​របស់​កូនបង្កើត​ជនរងគ្រោះ​ឈ្មោះ យ​ន ថា​នុង អាយុ ២៥​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ប្រហែល​ជាង​១០​ឆ្នាំមុន ជនរងគ្រោះ​បាន​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រឿងយន្ត​កសិកម្ម លក្ខណៈ​គ្រួសារ​។​

​លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ បាន​យក​គ្រាប់​ប្រភេទ​ពុំ​ស្គាល់ ដោយ​ប្រើ​ម៉ូ​ទ័​រ​មក​អារកាត់​កែច្នៃ នៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​។ រំពេច​នោះ​ស្រាប់តែ​ផ្ទុះ​គ្រាប់​យ៉ាង​សន្ធឹក ដែល​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ដាច់​សាច់​ខ្ទាត​ជា​បំណែក នៅ​ជុំវិញ​កន្លែងកើតហេតុ​តែ​ម្ដង​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​

អត្ថបទដែលជាប់ទាក់ទង