មេទាហានកម្ពុជា និង ទាហានថៃ ជួបគ្នាដើម្បីដោះស្រាយរាល់ហេតុការណ៍មិនប្រក្រតី ដែលកើតឡើងដោយចៃដន្យ
ព្រំដែនកម្ពុជាថៃ ៖ បើតាមប្រភពពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មេទាហានកម្ពុជា និង ទាហានថៃបង្កើនកាន់តែល្អតាមរយៈការណាត់ ជួបគ្នាបានជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ណាត់ជួប ដើម្បីដោះស្រាយបានភ្លាម រាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ។
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០នេះ នៅច្រកអានសេះ ខាងទឹកដីកម្ពុជា មានការជួបសំណេះសំណាលគ្នាមួយ រវាងភាគីកម្ពុជា និងភាគីថៃ។
ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន, ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា សឿន (នាយរងសេនា ធិការចម្រុះកងយោធពលខេមរភូមិន្ទ), ឯកឧត្តម មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសព្រះវិហារ, ឯកឧត្តម មេបញ្ជាការរង f៣, ឯកឧត្តម មេបញ្ជាការ L៨។
ភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ថាន់យ៉ាគាទ្ទិសាន មេបញ្ជាការយោធភូមិភាគទី២ អមដំណើរដោយ ឧត្តមសេនីយ៍ត្រីអៈឌុន ប៊ុនថាំចៈរ៉ឺន មេបញ្ជាការកងកម្លាំងស៊ុរៈណារី, វរសេនីយ៍ឯក អ័ក្ខរៈផុន មូនប្រាក់ដា មេបញ្ជាការទិសទី១, វរសេនីយ៍ឯក ប៊ុនសឺម ប៊ុនបាំរុង មេបញ្ជាការរង ទិសទី១ និងជាប្រធានទំនាក់ ទំនងព្រំដែនថែប្រចាំតំបន់ទី១, វរសេនីយ៍ឯក ស៊ុរៈគីទ្ទ កានលៈនេត្រ មេបញ្ជាការវរសេនាធំលេខ២៣ ឈុតខ្មៅ។
ខ្លឹមសារសំខាន់នៃជំនួបគឺ ជួបសំណេះសំណាល ដើម្បីសំដែងការគួរសម ពីសំណាក់ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី២ថៃ ដែលទើបឡើងកាន់តំណែងថ្មី។
នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានបង្ហាញពីទំនាក់ ទំនងកាន់តែល្អរបស់ថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ ជា ពិសេស កម្លាំងកំពុងឈរជើងទល់មុខ នៅទិសទី១នេះ បានរក្សាបាននូវទំនាក់ទំនងកាន់តែប្រសើឡើងផងដែរ ក្នុងរយៈពេលកន្លងមកនេះ តាមរយៈការណាត់ ជួបគ្នាបានជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ណាត់ជួប ដើម្បីដោះស្រាយបានភ្លាម រាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ៕