លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៦វត្ត នៅខេត្តស្វាយរៀង
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងមានការចូលរួមពីលោកហែម ពិសិដ្ឋ អភិបាលរងខេត្ត លោកហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង រួមជាមួយប្រតិភូអមដំណើរ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ០៦វត្ត រួមមាន ៖ វត្តជធាច វត្តត្រពាំងស្លា វត្តដូង វត្តអង្គញ់ វត្តឈើទាល វត្តពោធិ៍សិរី (ហៅព្រៃកំភេន) ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តជធាច នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។
លោកស្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ពិធីនោះដែរ លោកស្រី ក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកជំទាវបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ទៀនព្រះវស្សា ទេយ្យវត្ថុ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហុង វិណុល និងលោកស្រី ព្រមទាំងក្រុមការងារ បានប្រគេន ៦វត្ត រួមមាន ៖ ទៀនព្រះវស្សា ១គូរ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ទឹកដោះគោ១កេស ស្ករស១០គីឡូក្រាម តែ ៦កញ្ចប់ ធូប ១ដុំ ទៀនតូច ១គីឡូក្រាម មីសួរ ១គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ៦ដប អំបិល ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខ ៥០កំប៉ុង ខ្ទឹមស២គីឡូក្រាមថវិកាមួយចំនួនទៀត ៕ សំរិត