ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ឃាត់ខ្លួន​អភិបាលរង​ខេត្តបាត់ដំបង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ 

182

 

​ភ្នំពេញ​៖ អភិបាលរង​ខេត្តបាត់ដំបង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ (​ខ្មែរឥស្លាម​) ជា​អតីត​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​នៅ​ស្រុក​គាស់ក្រឡ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន និង​ទើប​បញ្ជូន​មកដល់​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​។ ការឃាត់ខ្លួន​អភិបាលរង​ខេត្ត​ម្នាក់នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នា​ព្រលប់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​ថា​៖ “​គាត់ (​លោក ស៊ូ អា​រ៉ា​ហ្វា​ត់​) ធ្លាប់ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ នេះ​តែម្តង​។ ករណីនេះ​ជា​ករណី​តែមួយ ជាមួយ​ករណី​ឧកញ៉ា សង ថន ដែល ACU បាន​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​”​។​

​សម្រាប់​លោក​ឧកញ៉ា សង ថន ដែលជា​មនុស្ស​មាន​ឥទ្ធិពល និង​មានមុខមាត់​ខ្លាំង​នៅ​ស្រុក​គាស់ក្រឡ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​សួរនាំ ហើយ​ត្រូវបាន​ព្រះរាជអាជ្ញា​លើក​ពេល​ការសួរនាំ ដោយសារ​រូបលោក​ឧកញ៉ា​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​កាល់ម៉ែត ដើម្បី​ពិនិត្យ​សុខភាព​។

​ការដកតំណែង​អភិបាលស្រុក​គាស់ក្រឡ និង​ការឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន បូក​ជាមួយ​ការបន្ត​មក​ចាប់​អភិបាលរង​ខេត្ត​ម្នាក់នេះ​ទៀត គឺពាក់ព័ន្ធ​រឿងរ៉ាវ​ដីធ្លី​ជាមួយ​ពលរដ្ឋ​មួយចំនួន ដែល​ត្រូវបាន​តុលាការ​កាត់ទោស​រួចទៅហើយ​នោះ​។ ពេលខ្លះ​អំពើ​បាប គង់តែ​ហុច​លទ្ធផល​ទេ គ្រាន់តែ​យូរ និង​ឆាប់ ហើយក៏​គ្មាន​ឡើយ​ជាតិ​ក្រោយ សូម​កសាង​ផល​បុណ្យ​ឲ្យ​បាន​ច្រើន​សម្រាប់​សង្គមជាតិ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​នាំខ្លួន លោក​ឧកញ៉ា សង ថន មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​ធំ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​នេះដែរ​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​ប្រឆាំង​អំពើពុករលួយ ការឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបន្តឹង​របស់​ប្រជាពលរដ្ឋ ខណៈដែល​ឧកញ៉ា​នេះ មាន​ដី​ប្រមាណ​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់ក្រឡ​ទាំងមូល​។​

​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​ដែរនោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង