អភិបាលរាជធានីភ្នំពេញ ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងនិន្នាការនយោបាយ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និង វាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។
ការលើកឡើងរបស់ លោកអភិបាករាជធានីភ្នំពេញបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ (OD IDpoor) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ–១៩ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានសង្កត់ធ្ងន់ថា ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិសដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិកូវីដ–១៩ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ដោយអាជ្ញាធរមិនបានដឹងនោះទេ។
លោក ឃួង ស្រេង បន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំភាន់បក្សពួក បងប្អូន គ្រួសារ មនោសញ្ចេតនាមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។
លោកបញ្ជាក់ថា បើចង់ជួយដល់មន្រ្តី ឬ ក្នុងមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាពដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព។
ទាក់ទិននឹងលទ្ធផលដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩ និងការអនុញ្ញាតឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៅរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានឱ្យដឹងថា គិតមកដល់ពេលនេះ គឺស្ទើតែគ្រប់ខណ្ឌ និងសង្កាត់ទាំងស្រុងទៅហើយ នៅសេសសល់មួយចំនួន ដោយសារមានករណីមរណភាព ឈ្មោះស្ទួន និង កិច្ចការបច្ចេកទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះ មន្រ្តីគ្រប់ភាគីពាក់ព័ន្ធ កំពុងមមាញឹកដោះស្រាយដោយ តម្លាភាព ទន់ភ្លន់ និងសុក្រិត្យផងដែរ៕