ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែរីកចំម្រើន ប្រកបដោយនិរន្តរភាព

377


ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្តេជ្ញាចិត្តក្នុងការបន្តដឹកនាំអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែរីកចំម្រើន ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន យ៉ាងទូលំទូលាយ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ហើយខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័ន-ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការចូលរួមក្នុងការ
ជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលនឹងបានជាប្រយោជន៍សម្រាប់យើងនាពេលបច្ចុប្បន្នផង និងសម្រាប់កូនចៅជំនាន់ក្រោយផង។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបែបនេះក្នុងឱកាសដែលោករដ្ឋមន្រ្តី ត្រូវបានតែងតាំងងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប” ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៨ ក្រោមអធិបតីភាពហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប និងបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ពិសេសលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) ជាប្រធាន ដែលកន្លងមកបានផ្តល់រង្វាន់ ជូនព្រះរាជាណាចក្រកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក និងបានជ្រើសតាំង
សម្តេចតេជោនាយករដ្ឋមន្ត្រីជាសមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប កាលពី
ឆ្នាំ២០១៦ ហើយបានជ្រើសតាំងសម្តេចតេជោនាយករដ្ឋមន្រ្តី ជា “ឯកអគ្គរដ្ឋទូត សុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព” កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។ ក្នុងឆ្នាំ២០១៧ កម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្ស ម្នាក់ក្នុងមួយឆ្នាំ បានកើនដល់ ១៤៣៤ ដុល្លារអាមេរិក។ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយសុទិដ្ឋិនិយមនេះ អាចសម្រេចទៅបាន អាស្រ័យក៏ដោយសារមានការចូលរួម ចំណែកពីការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។
វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា មាសបៃតង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាការនាំចេញនៅនឹងកន្លែង និងចូលរួមទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់។ ជាក់ស្តែងឆ្នាំ២០១៧ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦ លាននាក់ កើនឡើង ១១,៨% នាំប្រាក់ចំណូលប្រមាណ ៣.៦៣៨ លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃផលិតផលក្នុងសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់។ ដោយឡែក ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៨ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២,៦ លាននាក់ កើនឡើង ១៣,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ នៅឆ្នាំ២០១៨ និង ៧លាននាក់ នៅឆ្នាំ២០២០ នាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ បង្កើតនូវឱកាសការងារដោយផ្ទាល់១លាននាក់។ នៅឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ ដោយនាំមកនូវចំណូលសរុប ១០ ពាន់លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ២លាននាក់។ ដោយឡែកសម្រាប់ទេសចរណ៍ក្នុងស្រុក កំណើនភ្ញៀវទេសចរមានការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៤%-៥%ជាមធ្យម)។ ជាក់ស្តែង នៅឆ្នាំ២០១៦ ទេសចរក្នុងស្រុកមានចំនួនជាង ១០,២ លាននាក់ កើនដល់ ១០,៨លាននាក់ នៅឆ្នាំ២០១៧ និងជាង ១១លាននាក់ នៅឆ្នាំ២០១៨ ហើយជាចក្ខុវិស័យយើងរំពឹងថា នឹងមានទេសចរក្នុងស្រុកប្រមាណ ១៩លាននាក់ នៅឆ្នាំ២០២៥។
លទ្ធផលទាំងនេះ គឺផ្តើមចេញពីនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធ្វើឱ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដី សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនកម្ពុជា ទូទាំងប្រទេសលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រធានគណបក្ស តាមរយៈការបោះឆ្នោតគាំទ្រគណបក្ស ឲ្យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង
រាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ថ្មីៗនេះ ដែលការបោះឆ្នោតនេះទទួល បានការវាយតម្លៃពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងប្រតិភូរបស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិអឺរ៉ុប (European Council on International Relations) ថាមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាព ទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាពទាំងនៅកម្រិតតំបន់ និងសកលលោក ព្រមជាមួយនឹងការដឹកនាំ ផ្អែកលើ គោលនយោបាយ និងយុទ្ធសាស្រ្តដែលមានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
លើមូលដ្ឋាននៃកំណើននេះ ក៏ទាមទារឱ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់ពិសេសត្រូវមានផែនការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូល បាននឹងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោក បញ្ហាភូមិសាស្រ្ត-នយោបាយ និងបញ្ហាគ្រោះធម្មជាតិ ជាដើម។ ក្នុងន័យនេះ វិស័យទេសចរណ៍ដែលមានលក្ខណៈជាប្រព័ន្ធជាអន្តរវិស័យក៏អាចជះឥទ្ធិពល និងទទួលរងឥទិ្ធពលអាក្រក់ពីបញ្ហាសាកលទាំងអស់នេះផងដែរ។

ផ្អែកតាមគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងបន្តអភិវឌ្ឍវិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន លើមូលដ្ឋាននៃអច្ឆរិយៈភាពប្រាសាទអង្គរ ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី សម្បត្តិធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក សម្រស់ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណីរស់នៅ ប្រកបដោយភាពញញឹម រួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា ស្របនឹងការប្រសិទ្ធនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្តល់ភាពកក់ក្តៅ” (Cambodia: Kingdom of Wonder-Feel the Warmth)។

នៅក្នុងយុទ្ធសាស្រ្តទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិក៏ដូចជាការជម្រុញចលនាទេសចរណ៍ក្នុងស្រុក ក្រសួងទេសចរណ៍បាននិងកំពុងបន្តពង្រឹងការគ្រប់គ្រង និង អភិវឌ្ឍគោលដៅទេសចរណ៍ដែលមានស្រាប់ ការបង្កើតកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ រួមជាមួយនឹងការគៀរគរឲ្យមាន ការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ឲ្យកាន់តែសំបូរបែប ប្រកបដោយភាពឆ្នៃប្រឌិត និងនវានុវត្តន៍ ទាំងនៅ កម្រិតថ្នាក់ជាតិនិយាយជារួម និងនៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព។

នៅក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនៃអាណត្តិទី ៥ កន្លងទៅនេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានខិតខំយ៉ាងសកម្មបំពេញតួនាទីភារកិច្ច ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដឹកនាំអនុវត្តចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើរតួជាស្នូលនៃផែនការកំណែទម្រង់វិស័យទេសចរណ៍ ដោយផ្តោតលើមុំ ៤ ជាអាទិភាព៖ មុំទី១. ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ “សេវាមួយ ស្តង់ដារមួយ” តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន។ មុំទី២.ពង្រឹងការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់មធ្យោបាយ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិត។ មុំទី៣. ពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ “បុគ្គលិកម្នាក់ ជំនាញមួយ” ពិសេសការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមកម្មវិធីអាស៊ាន។ មុំទី៤.ជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យទេសចរណ៍(E-tourism) រួមមានការរៀបចំឱ្យមានការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធOnline និងប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍ Online ។ល។ ជាការពិត ការអនុវត្តផែនការកំណែទម្រង់មុំទាំង ៤ ខាងលើនេះ គឺមិនត្រឹមតែបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍លេចធ្លោសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងចូលរួមលើកស្ទួយ ចលនាទេសចរណ៍ក្នុងស្រុក យ៉ាងមានប្រសិទ្ធភាពថែមទៀតផង។

លោកហោ ណាំហុង បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យទេសចរណ៍ បានរួមចំណែកដ៏មានប្រសិទ្ធភាព ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈការបង្កើតនិងបង្កើនឱកាសការងារ ការបង្កើនប្រាក់ចំណូលផ្ទាល់ជូនប្រជាពលរដ្ឋ ធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅក្នុងពិភពលោក។ លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងក្រសួងទេសចរណ៍កម្ពុជា ត្រូវពង្រឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីធ្វើឲ្យកម្ពុជា ក្លាយទៅជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងមានគុណភាពលំដាប់ពិភពលោក។

លោកសាស្រ្តាចារ្យបណ្ឌិត អាន តុន ការ៉ាហ្គា បានគាំទ្រកម្ពុជាជានិច្ច និងចាត់ទុក កម្ពុជា ជាគំរូសម្រាប់ពិភពលោក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មួយ ដែលបានធ្វើការបែងចែកចំណូលប្រកបដោយសមធម៌ និងបានទទួលស្គាល់កម្ពុជាថាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក៕

  

អត្ថបទដែលជាប់ទាក់ទង