ឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១.៦១៩លើក ស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការ ចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក សមាជិកា គ.ស.ច.គ អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងភាគីជាច្រើនរូបទៀត។
បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។
របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។
បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)។
របាយការណ៍ដដែលបានលើកឡើងទៀតថា ប្រតិបត្តិការពិនិត្យអនុវត្តច្បាប់ ប្រចាំឆមាទី១ ឆ្នាំ២០២០ ទទួលលទ្ធផល ដូចជា ៖ បានត្រួតពិនិត្យយានយន្ដសរុបចំនួន៩៨៧.០០៣គ្រឿង ក្នុងនោះម៉ូតូចំនួន៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន២៣៤.១១៤គ្រឿង ស្មើនឹង២៤% ក្នុងនោះម៉ូតូចំនួន៦៥%។
ដោយឡែកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ(ឧសភា-មិថុនា) បានចពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។
អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕