ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី នឹងកាន់តំណែងនេះ រហូតដល់លោកអាយុ ៨៤ឆ្នាំ
ប្រព័ន្ធផ្សព្វផ្សាយ The Hill បានចុះផ្សាយថា លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី នឹងកាន់តំណែងនេះរហូតដល់លោកអាយុ ៨៤ឆ្នាំ ក្រោយពីប្រជាពលរដ្ឋរបស់ប្រទេសនេះ បានបោះឆ្នោតប្រជាមតិគាំទ្ររូបលោក ឲ្យបន្តតំណែងរហូតដល់ឆ្នាំ២០៣៦ខាងមុខ។
សូមរំលឹកជូនថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលរុស្ស៊ីបានរៀបចំ ការបោះឆ្នោតប្រជាមតិមួយ ក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលជាការបើកផ្លូវឲ្យប្រធានាធិបតីរូបនេះ អាចកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ ដោយមានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត យ៉ាងច្រើនលើសលប់រហូតដល់ ៣ភាគ៤។
លោក ពូទីន កើននៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ ដែលនៅឆ្នាំ២០២០នេះ លោកអាយុជិត ៦៨ឆ្នាំហើយ ហើយបើប្រធានាធិបតីរូបនេះ កាន់តំណែងរហូតដល់ឆ្នាំ២០៣៦ គឺលោក ពូទីន នឹងមានអាយុ ៨៤ឆ្នាំ ដែលជាអាយុកាន់តំណែងប្រធានាធិបតីចុងក្រោយ ហើយលោក ពូទីន នឹងជាប្រធានាធិបតីរុស្ស៊ី ដែលកាន់អំណាចអស់មួយជីវិត៕