អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន នៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក្រោមឱវាទក្រសួងអប់រំយុវជននិងកីឡា ស្តីពីការអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សាពីរថ្ងៃ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និងកីឡា អនុញ្ញាតគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមប្រព័ន្ធ ONLINE រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ ១៥ ទៅ ២០នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធាន ការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO។ គ្រឹះស្ថានឧត្តមសិក្សារដ្ឋត្រូវដាក់ពាក្យស្នើ សុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន៕