ទីតាំងដី ដែលត្រូវបានធ្វើរបងបិទផ្លូវនៅស្រុកសូទ្រនិគម មិនមែនជាផ្លូវសាធារណៈទេ គឺជាដីរបស់បុគ្គល
សៀមរាប៖ រឿងរ៉ាវធ្វើរបងបិទផ្លូវក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានអាជ្ញាធរស្រុកសូទ្រនិគម ចុះដោះស្រាយ ហើយបានបញ្ជាក់ថា ទីតាំងដី ដែលត្រូវបានធ្វើរបងបិទផ្លូវនោះ មិនមែនជាផ្លូវសាធារណៈឡើយ គឺជាដីរបស់បុគ្គលឯកជន ហើយនាពេលកន្លងមក គណៈកម្មការរដ្ឋបាល ធ្លាប់បានអញ្ជើញគ្រប់ភាគី មកធ្វើការដោះស្រាយ និងសម្របសម្រួល ប៉ុន្តែដោយភាគីម្ខាងបានអវត្តមាន។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Run Sreyneat បានបង្ហោះរូបភាពជាក់ស្តែង និងសូមអំពាវនាវដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក និងខាងសុរិយោដី មេត្តាជួយដោះស្រាយពីបញ្ហាធ្វើរបងបិទផ្លូវនេះ ដោយបងស្រីបានសរសេររៀបរាប់យ៉ាងដូច្នេះថា នាងខ្ញុំជាប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិ ក្រសាទុំ ឃុំ ដំដែក ស្រុក សូទ្រនិគម ខេត្ត សៀមរាប សូមអំពាវនាវដល់ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខាងសុរិយោដី សូមជួយដោះស្រាយពីបញ្ហាធ្វើរបងបិទផ្លូវ មិនឲ្យចេញចូល រយៈពេលមួយអាទិត្យជាងហើយ សូមជួយធ្វើចំណាត់ការដល់ប្រជាជនផង ។
រដ្ឋបាលស្រុកសូទ្រនិគម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការធ្វើរបងបិទផ្លូវ ស្ថិតក្នុងភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគមអាជ្ញាធរឃុំ ស្រុក សូមជម្រាបដល់សាធារណជន ឲ្យបានជ្រាបថា ទីតាំងដី ដែលត្រូវបានធ្វើរបងបិទផ្លូវនោះ មិនមែនជាផ្លូវសាធារណៈឡើយ គឺជាដីរបស់បុគ្គលឯកជន ដោយកន្លងមកគ្រួសារដែលធ្វើអាជីវកម្មទឹកនៅជាប់នឹងក្បាលដីនោះ សុំម្ចាស់ដីដើរជាបណ្តោះអាសន្ន ហើយពួកគាត់ក៏ធ្លាប់ពិគ្រោះគ្នា មុនពេលក្រុមការងារចុះបញ្ជីក្បាលដីលក្ខណៈប្រព័ន្ធ ប៉ុន្តែពួកគាត់មិនបានចុះសម្រុងនឹងគ្នាឡើយ។
ដោយមានការយោគយល់ដល់អាជ្ញាធរ និងសម្របសម្រួលដករបងចេញវិញ រង់ចាំការពិនិត្យ និងពិចារណារកភាពត្រឹមត្រូវរបស់គណៈកម្មការរដ្ឋបាល នឹងធ្វើការអញ្ជើញភាគីពាក់ព័ន្ធ មកធ្វើការសម្របសម្រួលជាថ្មី ដោយកាលពីប៉ុន្មានថ្ងៃមុន គណៈកម្មការរដ្ឋបាល ធ្លាប់បានអញ្ជើញគ្រប់ភាគី មកធ្វើការដោះស្រាយ និងសម្របសម្រួល ប៉ុន្តែដោយភាគីម្ខាងបានអវត្តមាន។
ជាមួយគ្នានេះដែរ សូមជម្រាបជូនបងប្អូន លោក លោកស្រី និងសាធារណជន ដែលមិនបានឃើញផ្ទាល់ និងដឹងមិនច្បាស់ពីបញ្ហានេះ មេត្តាជ្រាប ដើម្បីកុំឱ្យមានការយល់ច្រឡំ ហើយដាក់បន្ទុកដល់អាជ្ញាធរមូលដ្ឋាន។
អាជ្ញាធរមូលដ្ឋាន តែងតែគិតគូរសុខទុក្ខ ការលំបាក និងការអភិវឌ្ឍមូលដ្ឋានជាប់ជានិច្ច អរគុណសន្តិភាព៕