ការខ្ចីលុយគេច្រើនលើសលុប មិនអាចដោះស្រាយបញ្ហាបានទេ ដែលតម្រូវឱ្យមានការចាយឱ្យចំមុខ
ភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចបានអះអាងថា ទោះបីជាវិបត្តិកូវីដ-១៩ បាន វាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក៏ដោយ តែក្នុងរយៈពេល៥ខែដំបូង ក្នុង ឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជា នៅមានភាពវិជ្ជមាននៅឡើយ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមកក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិស័យកាត់ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុថា ទីផ្សារអឺរ៉ុប និងអាម៉េរិកមួយចំនួន បានផ្អាកការបញ្ជាទិញសិន ព្រោះតែវិបត្តិកូវីដ-១៩។ ឯកឧត្ដមបានបញ្ជាក់ថា ប៉ុន្តែបើយើងមើលវត្ថុផ្សេងទៀតដែលយើងនាំចេញ យើងអត់ទាន់ធ្លាក់នៅឡើយទេ ឧទាហរណ៍ ទំនិញកសិកម្ម ទំនិញមិនមែនកាត់ដេរដូចជាកង់ អេឡិចត្រូនិក គឺវាកើន។ ក្នុងរយៈពេល៥ខែ ដំបូងនេះ ការនាំចេញ របស់យើងធៀបនឹងឆ្នាំទៅ មិនទាន់អវិជ្ជមាននោះទេ នៅបូកនៅឡើយ។ឯកឧត្ដមបានលើកឡើងថា ក្នុងរដូវកាលកូវីដ-១៩នេះ រាជរដ្ឋាភិបាល ត្រៀមថវិកាជាតិ ប្រមាណជាង១,០០០លានដុល្លារអាម៉េរិក។ ឯកឧត្ដមបានថ្លែងថា “ចំណាយទៅលើកូវីដ ចង់សរុបថា មួយចុងក្រោយសរុបទៅនេះ យើងត្រៀមលុយចំណាយទៅលើកូវីដ-១៩ ទាំងជំងឺ ទាំងផលប៉ះពាល់សង្គម និងជួយដល់វិស័យឯកជនជាលុយថវិកាជាតិ មានចំនួន១,១៦៤លានដុល្លារ”។
ជាមួយគ្នានេះដែរ ឯកឧត្ដមបានបន្ដថា សម្រាប់ជំនួយសង្គម រាជរដ្ឋាភិបាល បានត្រៀមថវិកាចំនួន៣០០លានដុល្លារ សម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩នេះ។ ទន្ទឹមនេះ ក្នុងខែសីហា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ នឹងកើនចំនួន២ម៉ឺនគ្រួសារបន្ថែមទៀត ហើយរាជរដ្ឋាភិបាល បានត្រៀមថវិកាទុករួចរាល់ហើយផងដែរ ដើម្បីចំណាយទៅលើពួកគេ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់បន្ថែមថា មូលនិធិកូវីដ-១៩ដែលបានមកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនានា ចូលរួមបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួននោះ ដែលរហូតមកដល់ពេលនេះ កើនឡើងដល់២០លានដុល្លារហើយ។ ទាក់ទងនឹងការខ្ចីលុយពីបរទេសយកមកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជានោះ ឯកឧត្ដម វង្សី វិស្សុត បានឱ្យដឹងថា កម្ពុជានៅខ្ចីលុយពីបរទេសតិចនៅឡើយ។
ឯកឧត្ដមបានបន្ថែមថា “ដោយសារយើងនៅជំពាក់បំណុលគេនៅតិច យើងសព្វថ្ងៃគ្រាន់តែនៅខ្ចីគេទេ យើងមិនទាន់អីទេ អារឿងខ្ចីលុយ ខ្ចីគេមិនទាន់ខ្ចីអស់ផង គេមកអង្វរឱ្យខ្ចី យើងមិនទាន់ប្រើអស់ផង បំណុលយើងនៅទាប ដូច្នេះយើងនៅមានផ្លូវសម្រាប់ខ្ចី”។ ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ប៉ុន្តែការខ្ចីលុយគេច្រើនលើសលុប មិនអាចដោះស្រាយបញ្ហាបានទេ ដែលតម្រូវឱ្យមានការចាយឱ្យចំមុខ និងការចាយទៅតាមនីតិវិធីមួយដើម្បីឱ្យមានប្រសិទ្ធភាព ការប្រើប្រាក់កម្ចី និងធនធានសាធារណៈទាំងអស់ផងដែរ៕