ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោចេញ​សារលិខិត ក្នុងឱកាស​ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣១

97

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សារលិខិត ក្នុងឱកាស​ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣១ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​ខាងមុខនេះ​។

​ក្នុង​សារលិខិត​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុ​ជាមាន​សេចក្តីសោមនស្ស​រីករាយ ដោយបាន​ចូលរួម​ជាមួយ​ប្រជាជាតិ​ទូទាំង​ពិភពលោក​ប្រារព្ធ ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣១​។ អង្គការសហប្រជាជាតិ តែងតែ​លើកទឹកចិត្ត​ដល់​បណ្តា​រដ្ឋ​ភាគី​ទាំងអស់ ឲ្យ​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១១ ខែកក្កដា ដោយ​ផ្តោតលើ​ប្រធានបទ​ផ្សេងៗ​គ្នា​។ ប្រធានបទ​ក្នុង​ឆ្នាំ​២០២០​នេះ​គឺ «​ការបញ្ចប់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩៖ តើ​ពេលនេះ​យើង​ត្រូវការពារ​សុខភាព និង​សិទ្ធិ​របស់​ស្ត្រី និង​កូនក្មេង​ដោយ​របៀប​ណា​?»​។ ប្រធានបទ​នេះ ពិត​ជាមាន​អត្ថន័យ​ធំធេង​ក្នុងស្ថានភាព ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​កូ​វីដ​១៩) ដែល​បាន​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ជីវិត​មនុស្ស សហគមន៍ និង​សេដ្ឋកិច្ចសង្គម នៅ​គ្រប់ទិសទី​ទូទាំង​ពិភពលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ជំងឺ​កូ​វីដ​១៩ បាន​បង្កបញ្ហា​ប្រឈម​ដល់​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក ក្នុងនោះ​ស្ត្រី​ជា​មុខសញ្ញា​ចម្បង ដែល​អាច​ទទួល រង​នូវ​ការប៉ះពាល់​មុនគេ ជាពិសេស​បុគ្គលិក​សុខាភិបាល​ជា​ស្ត្រី​។ ជាក់ស្តែង ថ្មីៗ​នេះ​ការស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) បង្ហាញថា ប្រសិនបើ​វិធានការ​បង្ខាំង បន្ត​រយៈពេល​៦​ខែ​ទៀត ហើយ​ការផ្តល់សេវា​សុខភាព​មិនបាន​ពេញលេញ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ពេលនោះ នឹងមាន​ស្ត្រី​ជាង​៤៧​លាន​នាក់ នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម នឹង​មិនអាច​ទទួលបាន​សេវា​ពន្យារកំណើត​ទំនើប ដែលជា​លទ្ធផល ស្ត្រី​ប្រហែល​៧​លាន​នាក់ នឹង​អាចមាន​ផ្ទៃពោះ​មិន​តាម​ប្រាថ្នា ហើយ​អំពើហិង្សា​ផ្អែកលើ​យែ​ន​ឌ័​រ នឹង​អាច​កើតមាន​ប្រហែល ៣១​លាន​ករណី​បន្ថែមទៀត​។ លើសពីនេះ​ទៀត បើ​ធៀប​នឹង​បុរស ស្ត្រី​ធ្វើការ​នៅក្នុង​ផ្សារ​ពលកម្ម ដែល​មិនសូវមាន​សុវត្ថិភាព ត្រូវ​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង ពី​វិបត្តិ​កូ​វីដ​១៩​។ ស្ត្រី​ជិត ៦០% នៅ​ទូទាំង​ពិភពលោក កំពុងធ្វើការ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ងាយ​រង​ហានិភ័យ​ខ្ពស់ ក្នុងការ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​។ ការងារ​ថែទាំ ដែល​មិនមាន​ប្រាក់កម្រៃ​របស់​ស្ត្រី មានការ​កើនឡើង ដោយសារ​ការបិទ​សាលារៀន និង​ការកើនឡើង​នៃ​តម្រូវការ​របស់​មនុស្ស​វ័យចាស់​។ ជំងឺឆ្លង​កូ​វីដ​១៩ កំពុង​វាយលុក​សហគមន៍ ដែល​ងាយ​រងគ្រោះ ជាពិសេស​ការកើតមាន​វិសមភាព​កាន់តែខ្លាំង និង​ការ​រេ​រាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្រេច​គោលដៅ​រួម​របស់​យើង​គឺ «​ការកសាង​ពិភពលោក​មួយ ដែល​គ្មាន​នរណាម្នាក់ ត្រូវបាន​បំភ្លេចចោល​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា បើ​ពិនិត្យ​ជារួម ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា អាច​គ្រប់គ្រង​សភាពការណ៍​បានល្អ​ប្រសើរ ហើយ​សង្គមជាតិ​យើង​ទាំងមូល នៅតែ​បន្ត​តស៊ូ​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ​៕

 

អត្ថបទដែលជាប់ទាក់ទង