ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារ​ប្រជាពលរដ្ឋ​នៅ​កងទ័ព ក្នុងស្រុក​ឈូក​ រស់នៅជាក់ស្តែង នឹងទទួលបានដីពីការ​កាត់​ឆ្វៀល​ដី ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ពី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​

81

​កំពត ៖ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើសុំ​របស់​រដ្ឋបាលខេត្ត​កំពត ក្នុងការ​កាត់​ឆ្វៀល​ដី ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ពី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២ គឺ​ក្រុមហ៊ុន (​ហ្វឺ​សបាយ​អូ​ថេត​) និង​ក្រុមហ៊ុន (​វើ​ល​ទ្រី​ស្ដារ​) សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​និង កងទ័ព​សមាហរណកម្ម ក្នុង​អង្គភាព កង​អន្តរាគមន៍​លេខ​២ នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ដែល​ស្ថិតនៅ​ទីតាំង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​រវាង​រដ្ឋបាលខេត្ត​ដែលមាន​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាមួយនឹង​មន្ត្រី​ប្រតិភូ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ឯកឧត្តម​ជាវ តា​យ​អភិបាល​ខេត្តកំពត ។​

​កិច្ចប្រជុំ​ផ្ដោតលើ​ការពិនិត្យ​ពិភាក្សា​ករណី​សំណើសុំ​របស់​រដ្ឋបាលខេត្ត​កំពត ជូន​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ក្នុងនោះ​ការស្នើសុំ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ របស់​ប្រជាពលរដ្ឋ​ចំនួន​៦៦ គ្រួសារ​និង​សំណើសុំ​ឈូសឆាយដី ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ចំនួន​២​កន្លែង​ផ្សេងទៀត​ចំនួន​៩៦ គ្រួសារ និង​សំណើសុំ​កាត់​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ធ្វើ​ប្រទានកម្ម ជូន​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ទៀត​នៃ​កងទ័ព​សមាហរណកម្ម​ក្នុង​អង្គភាព​កង​អន្តរាគមន៍​លេខ​២ បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ សរុប​ដែលមាន​ផ្ទៃដី​ចំនួន​ជាង ៧៦៤ ហិកតា​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដុំ​ផ្ដៅ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាលខេត្ត នា​រយៈពេល​កន្លងមក​តែងតែបាន​យកចិត្តទុកដាក់​ជំរុញ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​តម្រូវការ​ពិតប្រាកដ​ពិសេស​បញ្ហាដីធ្លី របស់​ប្រជាពលរដ្ឋ​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែបាន​ក្រើនរំលឹក​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​នឹងមាន​តម្រូវការ​ពិតប្រាកដ​ជា​ក់​ស្ដែង ពឹង​អាស្រ័យ​ផល​លើដី​ធ្លី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​បង្កបង្កើត​ផល​និង​រស់​នៅមាន​ជីវភាព​ធូរធារ​ប្រកបដោយ​សុខដុមរមនា​។ ហើយ​កិច្ចប្រជុំ​ពេលនេះ​ទៀតសោធ​គឺ​ក្នុង​គោលបំណង ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ពិភាក្សា​បញ្ហា​ពាក់ព័ន្ធ​មានការ​ចូលរួម ពី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដូចជា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ សំដៅ​ធ្វើយ៉ាងណា​ការជួយ​ជួយ​ដោះស្រាយ ឲ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ដី​ពិតប្រាកដ និង​អាស្រ័យ​ផល​លើដី​ជាក់ស្ដែង ដើម្បី​ឲ្យ​ពួកគាត់​បានរស់នៅ និង​កាន់កាប់​ស្របច្បាប់​និង​បាន​ឆាប់រហ័ស​។​

​ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ក៏បាន​លើក​បញ្ជាក់ថា កម្មវត្ថុ​នៃ​ការចូលរួម​ជជែក​ពិនិត្យ​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ពេញ​នេះ ពី​អាជ្ញាធរ​និង​ជំនាញ​សមត្ថកិច្ច​អ្នកពាក់ព័ន្ធ គឺ​ដើម្បី​បានជា​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ​ពិស្ដារ បានជា​ព័ត៌មាន​ដាក់​ជា​របាយការណ៍ ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខ​ម៉ាញ់​និង​នេសាទ ពិនិត្យ​និង​ចាត់ការ​ដោះស្រាយ​បន្ត​។ ហើយ​អ្វី ជា​កិច្ចការ​អាទិភាព​ចំពោះមុខ​នេះ ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ចាត់​បញ្ជូន​ប្រតិភូ​ចុះមក​ពេលនេះ ក៏​ដើម្បី​ស្វែងយល់​ពី​ភាពជាក់ស្ដែង​។ ដូច្នេះ​សូម​ស្នើឱ្យ​អាជ្ញាធរខេត្ត​ស្រុក​និង​ជំនាញ​ពាក់ព័ន្ធ ពិសេស​ការចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ជំរុញ​លើ​ការអនុវត្ត​សកម្មភាព​ការងារ​នេះ ជា​កិច្ច​បន្ត​តាម​សំណើ​ក្នុង​ឯកសារ​របស់​រដ្ឋបាល​ខេត្តកំពត​បានស្នើ ដើម្បី​បំពេញ​កិច្ចការ​ឱ្យបាន​សម្រេច​ជោគជ័យ តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងសម័យ​ប្រជុំ​ថ្មីៗ​នេះ​លើ​ការពិនិត្យ ទៅនឹង​ការ​កាត់​ផលប៉ះពាល់​ជា​បន្តបន្ទាប់​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ​ត្រូវការ​ដី​បង្កបង្កើនផល និង​អាស្រ័យ​ផល​ពិតប្រាកដ លើដី​ជាក់ស្ដែង​៕​

អត្ថបទដែលជាប់ទាក់ទង