កម្ពុជាគាំទ្រ ចំពោះការបង្កើត “មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន”
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងថា នៅរសៀលថ្ងៃទី៩កក្កដា នេះ ខ្ញុំបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមប្រព័ន្ធ វីដេអូ។
លោកថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ខ្ញុំបានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកឈ្នះលើវិបត្តិជាសកលកូវីដ១៩ តាមរយៈគំនិតផ្តួចផ្តើម “កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩” ដែលមានទឹកប្រាក់សរុបចំនួន ១២៥លានដុល្លារអាមេរិក សម្រាប់ផែនការរយៈពេល ០៥ខែ ក្នុងការទ្រទ្រង់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
លោកលើកឡើងទៀតថា ខ្ញុំ បានបន្តរំលឹកឡើងវិញនូវការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដោយបានជំរុញឲ្យថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្លាយជាទំនិញសាធារណៈពិភពលោក ។ ខ្ញុំក៏បានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការបង្កើត “មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន” ដែលនឹងក្លាយជាយន្តការចំបងក្នុងការពង្រឹងនីតិវិធីនៃការការពារ ការរកឲ្យឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លងក្នុងពេលអនាគត ព្រមទាំងបញ្ជាក់ពីគោលបំណងរបស់កម្ពុជាក្នុងការទទួលធ្វើជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលនេះ ៕