គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) សម្រេចបាន៣៩,៧៦% ហើយ
ភ្នំពេញ៖ នៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧.៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។
កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញស្ថិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។
ឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្ដរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ការ សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋា ភិបាល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយសក្ដានុពល ជាពិសេសរួមចំណែកដល់ការរំដោះការកកស្ទះចរាចរណ៍នៃយានយន្ត ដឹកជញ្ជូន ទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនប្រកបដោយនិរន្តរភាព និង នាំមកជាមួយនូវកំណើនយានយន្តជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាហេតុធ្វើឱ្យមានការកកស្ទះ ចរាចរណ៍នៅក្នុងក្រុងជាប្រចាំ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការសិក្សាលទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។
ជាលទ្ធផលនៃការចុះពិនិត្យនេះ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាពនៃការសាងសង់អាចទទួលយកបាន ហើយគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ កំណាត់ផ្លូវនេះសម្រេចការសាងសង់បានចំនួន៣៩,៧៦% និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ៕