ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ខេត្ត ស្ដីពី​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​របស់​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​(PWG)

67

​កណ្ដាល​៖ អាជ្ញាធរ​ខេត្តកណ្តាល ជំរុញ​អោយ រដ្ឋបាល​ក្រុង ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​ក្នុង​ខេត្ត ត្រូវ​បំផុសគំនិត​ប្រជាពលរដ្ឋ អោយ​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ងាក​មក​ទទួលទាន​ទឹកស្អាត និង​ប្រើប្រាស់​បង្គន់​ជាប្រចាំ​។ នេះ​ជាការ​ជំរុញ​របស់​ឯក​ឧត្ដម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល ក្នុងឱកាស​ឯកឧត្ដម​អញ្ជើញ​ចូលរួម​ក្នុង កិច្ចប្រជុំ​កិច្ចប្រជុំ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ខេត្ត ស្ដីពី​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​របស់​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​(PWG) ដែល​រៀបចំ​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្ដម នុត ពុធ​ដា​រ៉ា បន្តថា ការផ្លាស់ប្ដូរ​ដោយ​ងាក​មក​ទទួលទាន​ទឹកស្អាត និង​ប្រើប្រាស់​បង្គន់​ជាប្រចាំ ពិតជា​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​អនាម័យ​នៅក្នុង​សហគមន៍ ព្រមទាំង​ជៀសបាន​នូវ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​នានា នៅពេល​ប្រជាពលរដ្ឋ​ងាក​មក​ទទួលទាន​ទឹកស្អាត និង​ប្រើប្រាស់​បង្គន់​ជាប្រចាំ ព្រមទាំង​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើត​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត បន្ថែមទៀតថា ដើម្បីអោយ​ការអនុវត្ត​ផែនការ​សកម្មភាព​ខេត្ត ស្ដីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​ជនបទ ឆ្នាំ​២០១៩-២០២៣ អោយ​ទទួលបាន​ជោគជ័យ​តាម​ផែន​ការដែល​បានកំណត់ រដ្ឋបាល​ក្រុង ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​ក្នុង​ខេត្ត ដែលជា​សមាជិក​ក្រុមការងារ​បច្ចេកទេស ស្ដីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ត្រូវ​សហការ​រួបរួមគ្នា ជួយ​ផ្សព្វផ្សាយ ដើម្បី​ធ្វើអោយ​ក្រុមការងារ​នេះ ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោកស្រី ជី ថា​វី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល បានអោយដឹងថា កិច្ចប្រជុំ​នេះ មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បានផ្ដល់​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ អាជ្ញាធរខេត្ត និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា បាន​ជួបពិភាក្សា ចែករំលែក​បទពិសោធ​ន៍ ផ្លាស់ប្ដូរ​ទស្សនៈ គំនិត​គនិត​យោបល់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​សំរេច​ឱ្យបាន​នូវ​គោលដៅ​ផែនការ​សកម្មភាព​ខេត្ត ស្ដីពី​ការ ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឆ្នាំ​២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ឈានទៅ​សំរេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នា​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។

 

អត្ថបទដែលជាប់ទាក់ទង