ពលរដ្ឋកម្ពុជាជាប់ឃុំចំនួន 132 នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី បញ្ជូនតាមជេីងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ត្រឡបត្រឡប់ទៅប្រទេសកម្ពុជាវិញ
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ ពលរដ្ឋកម្ពុជាជាប់ឃុំចំនួន 132នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនតាមជេីងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ត្រឡប់ទៅប្រទេសកម្ពុជា ដោយបានចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង 09:00 ហេីយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង 09:50 ថ្ងៃដដែល។
ឯកឧត្ដម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ប្រាប់ថា៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីបានព្រមព្រៀងចំពោះការបញ្ជូន និងការទទួលយកពលរដ្ឋកម្ពុជាជាប់ឃុំដែលភាគច្រេីនជាប់ទោសពីបទរស់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី នៅក្នុងអំឡុងពេលដែលប្រទេសរៀងៗខ្លួនកំពុងប្រយុទ្ធទប់ទល់នឹងការរីករាលដាលនៃជំងឺវីដ១៩។
“មុនការបញ្ជូននេះ គឺត្រូវបានឆ្លងកាត់ការសម្ភាសន៍រួចរាល់ពីមន្ត្រីស្ថានទូតយេីង ហេីយអ្នកទាំងអស់ត្រូវបានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីពិនិត្យធ្វេី CPR Test រកមេីលជំងឺកូវីដ១៩ទាំងអស់គ្នា ដោយមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា ដែលមានសុពលភាព 72 ម៉ោង ហេីយនេះគឺលក្ខខណ្ឌដែលរដ្ឋាភិបាលទាំងពីរព្រមព្រៀងមុននឹងធ្វេីការបញ្ជូន។ ប្រសិនបេីពិនិត្យទៅឃេីញមានឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលម៉ាឡេស៊ីនឹងទទួលបន្ទុកព្យាបាលឱ្យបានជាសះស្បើយជាមុនសិន ទេីបធ្វេីការបញ្ជូន។”
គិតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាដែលត្រូវបានចាប់ខ្លួនពីបទល្មើសផ្សេងៗមានចំនួនសរុប 227 នាក់ ដែលកំពុងជាប់នៅតាមមន្ទីរឃុំឃាំងនានានៅទូទាំងប្រទេសម៉ាឡេស៊ី។
ឯកឧត្ដមឯកអគ្គរាជទូតបានឱ្យដឹងផងដែរថា
វិធានការចាប់បញ្ជូននេះ បានធ្វេីឡេីងជាបន្តបន្ទាប់នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះជនបរទេសដែលស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងនោះរួមមានជនជាតិឥណ្ឌូណេស៊ី បង់ក្លាដែស ប៉ាគីស្ថាន មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងថៃផងដែរ។
ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាបានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសវិញរបស់ប្រជាពលរដ្ឋ ពលករ ពលការនី និងសិស្សនិស្សិតកម្ពុជា បានចំនួន 5 លេីក សរុបមានចំនួន 623 នាក់ និងសហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំងបាន 1 លេីក មានចំនួន 133នាក់។