អភិបាលខណ្ឌច្បារអំពៅ ស្នើអោយមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាព ខណៈទឹកទន្លេចាប់ហូរចូលភូមិ
ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា
បានស្នើដល់កម្លាំងនគរបាល លោកចៅសង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាពអោយហើយ ដើម្បីត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងនូវជំនន់ទឹកទន្លេខណៈដែល ទឹកទន្លេបានហូរចូលភូមិដ្ឋានប្រជាពលរដ្ឋបណ្តើរៗហើយ ដូចជាសង្កាត់និរោធ និងសង្កាត់ទាំង៧ផ្សេងទៀតនិង សូមអោយផ្សព្វផ្សាយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ។
លោកអភិបាលខណ្ឌច្បារអំពៅ លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាអភិបាលរង នាយក នាយករងរដ្ឋបាល ចៅសង្កាត់ អធិការរងខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថ និងក្រុមមន្ត្រីចំណុះជំនាញសាលាខណ្ឌជាច្រើននាក់ទៀត ។
ក្រៅពីអោយមានការប្រុងប្រយ័ត្នបញ្ហាទឹកលិចនេះ លោកអភិបាលខណ្ឌ ក៏មិនភ្លេចពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការចាប់ម៉ូយរថយន្តតាក់សុី បញ្ហាផ្សារព្រែកឯង លក់ហៀរមកលើទ្រូងផ្លូវឡើងវិញនោះ ។ ដោយលោកបានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោម ដែលហាក់ព្រលែងចោលលើបញ្ហានេះ ។ ថាតើអស់លោកមានមើលឃើញទេ កុំចាំបាច់ តែថ្នាក់លើស្រែក ចាំបាច់តែគេដាស់តឿន បានយើងធ្វើនោះ វាបាត់មនសិការខ្លួនឯង បម្រើសេវាប្រជាពលរដ្ឋ ។
លោកបន្តថា អាជ្ញាធរមានភារកិច្ចការគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ចុះបើមិនបានផ្សព្វផ្សាយដល់គាត់ទេ យប់ឡើងស្រាប់តែផ្ទះប្រជាពលរដ្ឋនៅតំបន់មិនរៀបរយ ដែលសំណង់មិនរឹងមាំ អណ្តែតតាមទឹកទន្លេទៅនោះ។ យើងមិនអាចស្មានបានទេ ។ ដូច្នេះសូមលោក លោកស្រីជាចៅសង្កាត់ មន្ត្រីពាក់ព័ន្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវប្រញាប់ជំរាបដល់ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្នុងនាមអាជ្ញាធរសាធារណៈ ត្រូវតែការពារគាត់ ទោះរស់នៅមិនស្របច្បាប់ក៏ដោយ ។
នាឱកាសនោះសមាជិកក្រុម ប្រឹក្សាស្នើអោយគណៈអភិបាលបន្តអនុវត្តដោយភាពទទួលខុសត្រូវនោះរួមមាន ១- បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដូចជាការចាប់ម៉ូយលើស្ពាន , ២-បញ្ហាលក់ដូរហូរហៀរលើទ្រូងផ្លូវជាតិលេខ១ របសអាជីវករផ្សារព្រែកឯង , ៣-បញ្ហារថយន្តដឹកខ្សាច់ចេញពី ដេប៉ូ បង្កអោយប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ៤~បញ្ហាដេប៉ូឈើ តាមផ្លូវ៣៦៩ ច្រាំងបាក់ និងបញ្ហាចែកចាយ ប្រើប្រាស់ថ្នាំញៀន រួមជាមួយល្បែងស៊ីសងគ្រប់ប្រភេទ ។
ជាមួយគ្នានេះ លោកអភិបាល ខណ្ឌបានធ្វើការផ្តាំផ្ញើអោយមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទះ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ៕