ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្រាស្លាប់ប្រចាំថ្ងៃនៅអាមេរិកដោយសារ COVID-19 ជាង ១ពាន់នាក់ក្នុងមួយថ្ងៃ

146

ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 រហូតដល់ជាង ១,០០០នាក់ ដែលជាអត្រាមួយដ៏ខ្ពស់បំផុត បើរាប់ចាប់តាំងពីដើមខែមិថុនា រហូតមកទល់ពេលនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

អត្រាអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់កំពូលកាលពីអំឡុងខែមេសាកន្លងទៅ ដែលនៅពេលនោះប្រទេសមហាអំណាចមួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមប្រមាណ ២,០០០នាក់ក្នុងមួយថ្ងៃឯណោះ។ បន្ទាប់មកអត្រានេះ បានធ្លាក់ចុះបន្តិចមកវិញនៅក្នុងខែឧសភា ដែលមានអត្រាអ្នកស្លាប់ជាមធ្យមប្រមាណ ១,៣០០នាក់ និងនៅខែមិថុនាបានចុះមកនៅត្រឹម ៨០០នាក់ក្នុងមួយថ្ងៃ។

សហរដ្ឋអាមេរិកដែលជាប្រទេសឈរចំណាត់ថ្នាក់លេខ ១ នៅក្នុងចំណោមបណ្តាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក បច្ចុប្បន្ននេះត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់សរុបប្រមាណ ១៤.២ម៉ឺននាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបប្រមាណជាង ៤លានករណី ដោយក្នុងនោះចំនួនអ្នកជាសះស្បើយវិញ មានប្រមាណជាង ១.៨លាននាក់។

គួរជម្រាបថា សន្ទុះនៃអត្រាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិកនាមួយរយៈពេលចុងក្រោយនេះ បានហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត ដែលអ្នកជំនាញខ្លះបានហៅថា ជាការផ្ទុះករណីឆ្លងរលកទី ២ បន្ទាប់ពីរដ្ឋជាច្រើនបានសម្រេចចិត្ត បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងតក់ក្រហល់ ផ្ទុយពីការព្រមានរបស់ក្រុមអ្នកជំនាញអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង