ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌​ និងអាជ្ញាធរខេត្តព្រះសីហនុ ដុតបំផ្លាញថ្នាំញៀន​ចម្រុះ សរុប​ជាង​៥១ គីឡូក្រាម

69

 

​ព្រះសីហនុ ៖ ក្រសួងយុត្តិធម៌​ រួមជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដុតបំផ្លាញថ្នាំញៀន​ចម្រុះ សរុប​ជាង​៥១ គីឡូក្រាម ដែល​នេះ​ជា​ភស្តុតាង​ជាក់ស្តែង ក្នុងការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្តេជ្ញា​បង្ការ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យបាន​ខ្លាំង​ថែមទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ការយល់ដឹង​ច្បាស់លាស់ នាំឱ្យ​ការថែទាំ​មាន​ប្រសិទ្ធភាព​” និង​ពិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម​ស្ថាពរ និង​ដីកា​សម្រេច​រឹបអូស​រប​ស់ សាលាដំបូង​ខេត្ត​ព្រះសីហនុ សាលាដំបូង​ខេត្តកោះកុង និង​សាលាដំបូង​ខេត្តកំពត ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​ប្រព្រឹត្តទៅ​នៅលើ​ដី​ឡូ​តិ៍​មួយកន្លែង ក្បែរ​រូបសំណាក​យាយ​ម៉ៅ មាន​ចម្ងាយ​ពី​ច្រកចូល​រមណីយដ្ឋាន​ក្បាលឆាយ​ប្រមាណ ១.០០០ ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​អាច​បង្ក​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក​មានកា​រវិ​វ​ឌ្ឍ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ហើយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​ចាត់ វិធានការ​ពហុ​វិស័យ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​គ្រឿងញៀន ធ្វើឱ្យ​សភាពការណ៍​គ្រឿងញៀន ស្ថិតនៅក្នុង​ស្ថានភាព​ដែល​យើង​អាច​គ្រប់គ្រង និង​ត្រួតពិនិត្យបាន​។ យន្តការ​នៃ​ការទប់ស្កាត់​គ្រឿងញៀន​ត្រូវបាន​ពិនិត្យ​ពី​ថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង​ស្រុក​រហូតដល់​ខេត្ត​តាមរយៈ​របាយការណ៍​ប​ញ្ជូ​ន​សារ​ទាន់​ហេតុការណ៍​ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង​របាយការណ៍​ប្រចាំឆ្នាំ តែ​ទោះជា​យ៉ាងណាក៏ដោយ​សភាពការណ៍​គ្រឿងញៀន ដែល​មកពី​ខេត្ត​ផ្សេងៗ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក ដែល​ជះឥទ្ធិពល​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់ សុខភាព​សាធារណៈ ចាំបាច់​ត្រូវ​ចាត់វិធានការ​ការពារ​ឲ្យ​បាន​ម៉ឹងម៉ាត់ និង​ជាក់លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។

​ជាការ​ឆ្លើយតប​យើង​បានរៀបចំ​យុទ្ធសាស្ត្រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បានចាត់ទុក​បញ្ហា​នេះ​ជា​បញ្ហា​អាទិភាព ហើយ​បានរៀបចំ​ផែន​ការកសាង​ប្រតិបត្តិ ដោយ​ត្រៀមលក្ខណៈ​សម្បត្តិ​ទាំង​ធនធានមនុស្ស​ធនធាន​ហិរញ្ញវត្ថុ លិខិតបទដ្ឋាន​គតិយុត្ត​រចនាសម្ព័ន្ធ ដែលមាន​ការចាត់តាំង​ដឹកនាំ​អនុវត្ត និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ធានា​ឱ្យបាន​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍ថា កន្លែង​ណា​មានប្រើ​ប្រាស់​គ្រឿងញៀន​ច្រើន​នឹងមាន​បទល្មើស​កើត​ច្រើន និង​មាន​បញ្ហា​អសន្តិសុខ​សង្គម​។ ពីមុន​កម្ពុជា​ពីមុន​ជា​កន្លែង​ឆ្លងកាត់​តែ​បច្ចុប្បន្ន បាន​ក្លាយជា​កន្លែង​ផលិត​កែច្នៃ​គ្រឿងញៀន នៅនឹងកន្លែង​ហើយ​។​

​ឯកឧត្ដម​បា​បញ្ជាក់ថា​គ្រឿងញៀន បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​៣​យ៉ាង​៖ ១.​បំផ្លាញ​ខ្លួនឯង ២.​បំផ្លាញ​គ្រួសារ​និង​សហគមន៍ ៣.​ប្រទេសជាតិ​។​

​វិធានការណ៍​សំខាន់ៗ​៣​ដើម្បី​ប្រឆាំង​គ្រឿងញៀន​៖ ១.​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​។ ២.​គ្រួសារ​និង​សហគមន៍ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​បង្ក្រាប​ទប់ស្កាត់​សង្គ្រោះ​អ្នកញៀន​ថ្នាំ​បាន​ទាន់ពេលវេលា​។​
៣.​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់​ដើម្បី​សុខ​សុវត្ថិភាព​ប្រជាជន​យើង​៕

អត្ថបទដែលជាប់ទាក់ទង