ចោរលួចគាស់ផ្ទះវីឡា ក្នុងបុរីពិភពថ្មី យកទូរដែកមានលុយចំនួន៤២០០០ដុល្លារ
កណ្តាល៖ នគរបាលក្រុងតាខ្មៅ
បានរាយការណ៍ ពីករណីចោរលួចអំពើលួចគាស់ផ្ទះដែលកើតហេតុនៅថ្ងៃទី២១/ ០៧ /២០២០ វេលាម៉ោង០០និង០៦នាទីចំណុចផ្ទះលេខ១១១ ផ្លូវលេខ១A បូរីពិភពថ្មី២ ក្រុម៤១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះ អាង ឌី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរៈដូរលុយ មានទីលំនៅភូមិសង្កាត់កើតហេតុ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
បាត់បង់រួមមាន៖
១-ទូរទស្សន៍២គ្រឿង(LEDទំហំ៤២អ៉ីង)
២-ទូរដែក១៖ក្នុងនោះមានលុយចំនួន៤២០០០ដុល្លារ។
៣-កុំព្យូទ័រ Leb top ២គ្រឿង។
៤-ខ្សែករប្លាកទីនទំនង់៥ជីចំនួន១ខ្សែ។
៥-ខ្សែករមាស២ខ្សែទំនង់៣ដំឡឹង។
៦-ឯកសារមួយចំនួន។
នៅថ្ងៃទី២០/០៧/២០២០ វេលាម៉ោង១០ព្រឹក ជនរងគ្រោះព្រមទាំងក្រុមគ្រួសារ បានចាក់សោផ្ទះមុខក្រោយ ហើយចាកចេញពីផ្ទះទៅស្រុកកំណើត ដោយគ្មានអ្នកនៅចាំផ្ទះឡើយ។ លុះដល់យប់ថ្ងៃទី២១/០៧/២០២០
វេលាម៉ោង០០និង៥នាទី ទើបត្រឡប់មកពីស្រុកវិញ ចាក់សោផ្ទះខាងមុខឃើញមានសំភារៈក្នុងផ្ទះរប៉ាត់រប៉ាយ មានបាត់ទូរទស្សន៍ក៏ដើរមកមើលខាងក្រោយ ឃើញរបើកបង្អួចឡើងមើលក្នុងបន្ទប់ ឃើញរបើកទូររើសខោអាវពាសពេញបន្ទប់ និងបាត់ទូរដែក ដែលមានទ្រព្យសម្បត្តិដូចមានខាងលើ។
ក្រោយមកជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ទៅ
លោកអធិការនគរបាលក្រុងតាខ្មៅ បញ្ជាមកប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះអន្តរាគមន៍ដើម្បីពិនិត្យដល់កន្លែងកើតហេតុខាងលើ ដើម្បីស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា៖ ផ្ទះជនរងគ្រោះជាប្រភេទផ្ទះវីឡាកូនកាត់មានទំហំ៤,១ គុណ ១២ ម៉ែត្រ មាន២ជាន់
ដោយជាន់ខាងលើមាន២បន្ទប់ ជាន់ក្រោមមានបន្ទប់ទឹកមួយ ខាងក្រោយផ្ទះសល់ដី៥ម៉ែត្រ មានធ្វើរបងកំពស់២ម៉ែត្រ ចំនែកខាងក្រៅរបងផ្ទះខាងជើង ដែលស្ថិតនៅខាងក្រោយផ្ទះវិញ ជាដីវាលនិងដីព្រៃ មានទំហំប្រហែល១០ហិចតា ងាយស្រួលឲ្យក្រុមជនសង្ស័យចូលធ្វើសកម្មភាព, រីឯក្នុងបូរីមានសន្តិសុខយាមត្រឹមត្រូវ តែពួកគាត់ដើរល្បាតតែខាងមុខផ្ទះប៉ុណ្ណោះ មិនបានដើរទៅខាងក្រោយផ្ទះនោះឡើយ ហើយម្យាងទៀតជុំវិញផ្ទះជនរងគ្រោះ គ្មានបំពាក់កាម៉េរ៉ាសុវត្ថិភាពទេ៕