ស្ត្រីម្នាក់ជាកម្មការិនី ត្រូវឃាតករវាយច្របាច់ករួចយកខ្សែភ្លើងឆក់ដៃ ឲ្យស្លាប់
ភ្នំពេញ៖ស្ត្រីកម្មការិនីម្នាក់ ត្រូវបានជនសង្ស័យវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែភ្លើងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ហើយគេចខ្លួនបាត់ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយចាក់សោបន្ទប់ពីខាងក្រៅ ដោយមិនមានអ្នកជិតខាងណាដឹងទេ រហូតដល់មានក្លិនស្អុយទើបនាំគ្នាដើររកមើលឃើញទើបស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះពិនិត្យមើលភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ផ្ទះលេខ១២៧D ជាប់ផ្ទះលក់ភេសជ្ជៈគ្រប់មុខយីហោ ម៉ាក់ស្រីពេជ្រ ម្ដុំលូប្រាំ លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះ សួង ធី មានអាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់ជាអ្នកស្នាក់នៅបន្ទប់ជាន់ក្រោម ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់ ទើបតែរសៀលនេះ គាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យជួយដើររកមើល រហូតមកដល់បន្ទប់កើតហេតុ ឃើញចាក់សោពីខាងក្រៅ ហើយកាន់តែធុំក្លិនស្អុយខ្លាំង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះមកពិនិត្យមើល រួចបើកសោចូលទៅឃើញស្ត្រីរងគ្រោះបានដេកស្លាប់លើពូកក្នុងបន្ទប់តែម្ដង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកជិតខាងជាប់បន្ទប់។
ក្រោយពេលកើតហេតុម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការស៊ើបអង្កេតជុំវិញទីតាំងកើតហេតុហើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
បើតាយោងតាមការត្រួតពិនិត្យកោល្យវិច័យ របស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវបានជនសង្ស័យធ្វើសកម្មភាព មានស្នាមវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែភ្លើងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ជាអំពើឃាតកម្ម ។