ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងកែសម្រួលប្រព័ន្ធ ចរាចរតំបន់ភ្លើងស្តុបក្តាន់២ និងការពង្រីកផ្លូវសហព័ន្ឋរុស្ស៊ី ខាងជើងផ្លូវ មុខគណៈរដ្ឋមន្ត្រី ឈានដល់រៀបការ៉ូឡាលើចិញ្ចើមផ្លូវហើយ

97

ភ្នំពេញ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ឋរុស្ស៊ីការជីកដាក់លូទំហំ១ម៉ែត្រ ជាមួយនឹងការអ៊ុតកៅស៊ូ នៅខាងជើងផ្លូវមុខគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ជប់ហើយ ហើយបើគិតមកដល់នឹងថ្ងៃទី២៣ កក្កដានេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងរៀបការ៉ូឡាលើចិញ្ចើមផ្លូវនេះយ៉ាងសកម្មផងដែរ។

   គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

   ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។

   ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R)និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល    

   ក្រោយពីដាក់អោយដំណើរការភ្លើងស្តុបថ្មី និងការពង្រីកផ្លូវខាងលើនេះ ឃើញថា តំបន់ខាងលើនេះកាត់បន្ថយនូវការកកស្ទះចរាចរណ៍បានមួយចំនួនធំ ហើយក៏ទទួលបាននូវការកោតសរសើរនិងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

   គួរបញ្ជាក់ថា  ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ីនេះប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាលដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្ត ការដ្ឋានចេញពីតារាសាំងតូតាល់ដល់ផ្លូវR (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង