ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ​បាតុកម្ម​ទាំងយប់​នៅ​ថៃ ដោយ​ក្រុមយុវជន​ទាមទារ​ឲ្យ​រំលាយ​រដ្ឋាភិបាល និង​សភាជាតិ​

143

 

​បាងកក​៖ ក្រុមយុវជន និង​យុវតី​ថៃ​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​រំលាយ​រដ្ឋាភិបាល និង​សភាជាតិ បើទោះបីជា​ប្រទេស​នេះ កំពុងស្ថិត​នៅក្នុង​បំរាម COVID-19 ដែល​មិន​អនុញ្ញាត​ឲ្យ​មាន ការប្រមូលផ្តុំ​គ្នា​ក៏ដោយ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​បណ្តាញ​យុវជន​ដែលមាន​គ្នា​រាប់រយ​នាក់​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ក្រុមយុវជន​សេរី (Free Youth) បាន​ចូលរួម​ការតវ៉ា​មួយ នៅ​ជាយ​រាជធានី​បាងកក ដើម្បី​សម្តែង​ការប្រឆាំង​តវ៉ា​ចំពោះ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូន​ចា ដែល​បាន​ជាប់ឆ្នោត និង​ដឹកនាំ​ប្រទេស​ជាង​មួយឆ្នាំ​មកហើយ​នេះ​។​

​និស្សិត​ថៃ​អាយុ ២៥​ឆ្នាំ​មួយរូប​ឈ្មោះ ថា​ណា​ឆៃ អឺ​លូ​ឆា (Thanachai Aurlucha) បាន​និយាយ​នៅក្នុង​ឱកាស​ជួប​ជុំនោះ​ថា «​ពួកយើង​ស្ថិតនៅ​ទីនេះ ដើម្បី​អំពាវនាវ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី ព្រោះ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ មិនបាន​ការពារ​សិទ្ធិ និង​សេរីភាព​របស់​យើង​នោះឡើយ​។ វា​គ្រាន់តែ​ជាម​រតក បន្សល់ទុក​ពី​រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ​២០១៤​ប៉ុណ្ណោះ​»​។​

​ដោយឡែក​និស្សិត​ថៃ​អាយុ ២២​ឆ្នាំ​មួយរូប​ទៀត​មានឈ្មោះ​ហៅ​ក្រៅ​ថា ហ្វូ​ហ្វូ (Fufu) ក៏បាន​អះអាង​ផងដែរ​ថា «​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​បរាជ័យ​ក្នុងការ​ជម្រុញ​សេដ្ឋកិច្ច​។ យើង​ជិត​បញ្ចប់​ការសិក្សា​ហើយ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា តើ​យើង​នឹងត្រូវ​ធ្វើ​អ្វី ដើម្បី​លើកស្ទួយ​ជីវិត​រស់នៅ​របស់​យើង​នោះឡើយ​។ ប្រសិនបើ​ខ្ញុំ​មិន​ចេញមក​តវ៉ា​ថ្ងៃនេះ​ទេ ខ្ញុំ​នឹង​គ្មាន​អនាគត​នោះឡើយ​»​។​

​បន្ថែម​ពី​ខាងលើនេះ អ្នក​តវ៉ា​ម្នាក់ទៀត​អាយុ ៣៩​ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា «​ខ្ញុំ​ចង់​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ យ៉ាងពិត​ប្រាកដ​មួយ​នៅក្នុង​ប្រទេស​ថៃ​»​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ គឺជា​តវ៉ា​មួយ បន្ត​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែលមាន​មនុស្សម្នា​រហូតដល់​ទៅ ២,៥០០​នាក់​បាន​ចូលរួម​នៅក្នុង​ទីក្រុង​បាងកក ហើយ​បច្ចុប្បន្ន​នៅ​ខេត្ត អាយុ​ធ្យា​, កន​គែន​, សា​ខន​ណា​ខុន និង​ប៉ាត​តានី ក៏មាន​ការតវ៉ា​ដូចៗ​គ្នា​នេះដែរ​។ ការបង្ហាញ​មតិ​ប្រឆាំង​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​កើតមានឡើង​ជាច្រើន​ខែ​មកហើយ ចាប់តាំងពី​បក្សប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​សភា ត្រូវបាន​តុលាការ​ថៃ​សម្រេច​រំលាយចោល​៕

អត្ថបទដែលជាប់ទាក់ទង