ដីអតីតយុទ្ធជននៅខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋរំលោភយកជិត ៦០០ហិកតា, ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវឱ្យប្រគល់ដីជូនអតីតយុទ្ធជនវិញ
(សៀមរាប)៖ ដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលទុកបែងចែកជូនអតីតយុទ្ធជនទំហំជិត ៦០០ហិកតា ស្ថិតនៅក្នុងឃុំខ្នារសណ្តាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរំលោភយកដីទាំងនោះប្រគល់ជូនមកវិញ ដើម្បីទុកជូនបែងចែកអតីតយុទ្ធជនមានជីវភាពខ្វះខាត។
លោកទេសរដ្ឋមន្ត្រី គន់ គីម រួមនឹងអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានជួបប្រជុំគ្នា ដើម្បីដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ដែលរងការរំលោភបំពាននេះ។
របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីទំហំ ១,៣៦៩ហិកតា ស្ថិតក្នុងឃុំខ្នារសណ្តាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្បទានជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាតសម្រាប់ធ្វើផ្ទះស្នាក់នៅ និងបង្កបង្កើនផល។
តែមកដល់បច្ចុប្បន្នដីនេះ បែងចែកជូនអតីតយុទ្ធជនបានត្រឹមតែ ៣៨៤ហិកតាប៉ុណ្ណោះ ដោយឡែកដីជិត ៦០០ហិកតា ត្រូវបានប្រជាពលរដ្ឋទៅកាប់ទន្ទ្រានរំលោភយកដីទាំងនេះ។ បើតាមរបាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋខ្លះរំលោភយកដីនេះរហូតដល់ទៅជាង ៥ហិកតាក៏មាន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបនេះ មានសមាជិកអតីតយុទ្ធជនប្រមាណ ៦,៥៤៦នាក់ ហើយមានគ្រួសារអតីតយុទ្ធជនប្រមាណ ៣១៣គ្រួសារមិនមានដី និងផ្ទះនោះឡើយ។
តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមគ្រួសារអតីតយុទ្ធជនដែលខ្វះខាតនឹងត្រូវផ្តល់ជូនដីទំហំ កន្លះហិកតាសម្រាប់ធ្វើផ្ទះរស់នៅ និងដីទំហំ ២ហិកតាសម្រាប់បង្កបង្កើនផល។ ការទន្ទ្រាន និងរំលោភយកដីសម្បទានសង្គមកិច្ចពីសំណាក់ប្រជាពលរដ្ឋបែបនេះ នឹងធ្វើឱ្យសមាគមអតីតយុទ្ធជនខ្វះខាតដីក្នុងការបែងចែកជូនក្រុមគ្រួសារអតីតយុទ្ធជនមានជីវភាពខ្វះខាតជាមិនខាន។
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរំលោភយកដីរបស់អតីតយុទ្ធជននេះ ប្រគល់ជូនមកសមាគមវិញ ដើម្បីសមាគមរៀបចំចាត់ចែងជូនទៅអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី បានព្រមានថា អ្នកដែលរំលោភយកដីរបស់អតីតយុទ្ធជននេះមិនព្រមប្រគល់ដីមកឱ្យសមាគមអតីតយុទ្ធជនវិញទេនោះ គឺសមាគមនឹងចាត់វិធានការទៅតាមច្បាប់។
បើទោះបីជាយ៉ាងណាសមាគមអតីតយុទ្ធជន ក៏មិនបិទផ្លូវសម្របសម្រួលនោះដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានរំលោភយកដីរបស់អតីតយុទ្ធជននេះ បើសិនជាមានជីវភាពខ្វះខាត ហើយមិនមានដីមែននោះ គឺសមាគមនឹងបែងចែកដីជូនតាមរបបគោលនយោបាយរបស់អតីតយុទ្ធជនដែរ៕