យុវជនម្នាក់ត្រូវឃាតកសម្លាប់ ក្នុងចំការចេកក្រុមហ៊ុនហ័ងអាញ់ ស្រុកកូនមុំ ខេត្តរតនគិរី សង្ស័យរឿងប្រចណ្ឌ
រតនគិរី៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងចំការចេករបស់ក្រុមហ៊ុនហ័ងអាញ់ ភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃត្រង់ទី២៤ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសេរីមង្គល ចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព។ ជាលទ្ធផលឃើញថា ជាករណីឃាតកម្ម (ចាក់នឹងកាំបិត និងវាយដំបង) មានស្លាកស្នាមអារ-ក និងវះមុខជាច្រើនកាំបិត។
តាមស្រាវជ្រាវសាកសួរបំភ្លឺជុំវិញរឿងហេតុ បានបញ្ជាក់ថា កាលពីវេលាម៉ោង២០៖១០នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផឹកស៊ីជាមួយជនសង្ស័យឈ្មោះ បាក់ ណាន អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពីផឹកស៊ីរួចនៅម៉ោងប្រមាណ៨យប់ ថ្ងៃកើតហេតុ ក៏បានបបួលគ្នាទៅឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះមក។ រហូតដល់ម៉ោង១៥និង០០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក៏ត្រូវបានប្រទះឃើញសាកសពជនរងគ្រោះតែម្តង។
បើតាមបញ្ជាក់របស់សមត្ថកិច្ចជំនាញ ការសម្លាប់ជនរងគ្រោះខាងលើសង្ស័យប្រចណ្ឌទើបឈានដល់ការសម្លាប់តែម្តង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានមកធ្វើកម្មករនៅចំការចេក ក្រុមហ៊ុនហ័ងអាញ់ បានរយៈពេល៦ខែមកហើយ ក្រោយពីធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់។ ក្រោយពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា នៅកន្លែងកើតហេតុឃើញបន្សល់វត្ថុតាងមាន៖ ស្បែកជើង២គូ, កាំបិតសតូចចុងស្រួច១ និងដំបងឈើ២កំណាត់ មានប្រឡាក់ឈាមជាប់តិចៗ។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០យ៉ាងខ្លីថា សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងមានវិធានការតាមច្បាប់៕