ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ នៅភូមិពោធិ៍ឃឿន

98

 

ព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ នៅភូមិពោធិឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានរាយការណ៍ជូនអង្គពិធីថា នៅក្នុងបរិការណ៍នៃការរាលដាលជំងឺកូវីដ ១៩ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន ០៥គ្រួសារ។ ក្រៅពីនេះក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០គ្រួសារ និងចងក្រងជាបណ្តុំកសិករចំនួន ០២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។ លោកប្រធានមន្ទីរក៏បានលើកបង្ហាញពីបទពិសោធន៍នៃការចិញ្ចឹមកង្កែបនិង្រីអណ្តែងក្នុងតង់ប្លាស្ទិករបស់កសិករ អ៊ុំ ហុកលី រស់នៅក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កសិកររូបនេះបានចាប់ផ្តើមសាកល្បងចិញ្ចឹមកង្កែបក្នុងតង់ផ្លាស្ទិកនៅឆ្នាំ២០១៨ ចំនួន ០៥តង់ សរុប ៦០ម៉ែត្រក្រឡា និងចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិកចំនួន ០២តង់ សរុប ៤០ម៉ែត្រក្រឡា។ ជាមធ្យមលោក អាចចិញ្ចឹមកង្កែប និងត្រីអណ្តែងបានក្នុងមួយឆ្នាំ៣ដង ក្នុងនោះកង្កែបចាប់លក់ ១៨០០គីឡូក្រាម ក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញ ប្រមាណ ១០,៥លានរៀល និងត្រីអណ្តែងចាប់លក់បាន ២៧០០គីឡូក្រាមក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញប្រមាណជាង ២៤លានរៀល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាកសិករទាំងអស់ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែនឹករលឹក និងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។ នៅក្នុងបរិការណ៍នៃបញ្ហារាលដាលជំងឺកូវីដ ១៩នេះ ដើម្បីធានាសន្តិសុខស្បៀង បង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាកសិករ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធនាការជំរុញការអនុវត្តសកម្មភាពវារីវប្បកម្មនៅទូទាំងប្រទេស ជាក់ស្តែងនៅព្រឹកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននាំយកមកនូវ សម្ភា:មួយចំនួនដើម្បីចែកជូនកសិករជានិម្មិតរូបចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន កូនត្រីអណ្តែង ៧០០ក្បាល ឬកូនកង្កែប ៤០០ក្បាល និងចំណីចំនួន ១០០គីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់កសិករគ្រប់រូបខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង់ទីផ្សាររបស់យើងឱ្យបានពេញលេញ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មេត្តាផ្តល់ការគាំទ្របច្ចេកទេសឱ្យបានពេញលេញ និងតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា ហើយក៏ត្រូវរៀបចំយន្តការដោះស្រាយទីផ្សារជូនកសិករ ជៀសវាងបញ្ហាអស្ថេរភាពតម្លៃ៕

អត្ថបទដែលជាប់ទាក់ទង