អាមេរិកចាយដល់ជិត ១ពាន់លានដុល្លារហើយ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលមានសង្ឃឹមជោគជ័យជាងគេ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្កើនប្រាក់វិនិយោគទ្វេដង ទៅលើការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 រហូតដល់ទៅជិត ១ពាន់លានដុល្លារ ចំពោះក្រុមហ៊ុនផលិតឱសថម៉ូឌែណា (Moderna) ខណៈការអភិវឌ្ឍផលិតផលសម្រេច កាន់ខែខិតជិតមកដល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពេលនេះ កំពុងតែត្រៀមចាយលុយ ៤៧២លានដុល្លារបន្ថែមទៀតពីលើទឹកប្រាក់ ៤៨៣លានដុល្លារ ដែលខ្លួនបានវិនិយោគរួចមកហើយ ទៅលើក្រុមហ៊ុន Moderna។ ការបង្កើនថវិកាវិនិយោគនេះ នឹងធ្វើឲ្យការធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលទី ៣ កាន់តែទូលំទូលាយដែលនឹងមានអ្នកចូលរួមធ្វើតេស្ត ប្រមាណ ៣០,០០០នាក់ឯណោះ។
នៅក្នុងការធ្វើតេស្តកន្លងមកនេះ វ៉ាក់សាំង COVID-19 ដែលត្រូវបានផលិតដោយ Moderna អាចបង្កើតនូវអង់ទីករប្រឆាំងវីរុសកូរ៉ូណាថ្មី ក្នុងខ្លួនមនុស្សដែលបានធ្វើតេស្តទាំងអស់ ៤៥នាក់។ សម្រាប់ការបង្កើន វិសាលភាពនៃការធ្វើតេស្ត នឹងត្រូវចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលនឹងមានអ្នកចូលរួម ១៥,០០០នាក់ (ពាក់កណ្តាលនៃគម្រោងថ្មីខាងលើនេះ) ដោយម្នាក់ៗនឹងទទួលការចាក់វ៉ាក់សាំង មួយដូសដែលមានទម្ងន់ ១០០មីលីក្រាម។
គួរបញ្ជាក់ថា ករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៤.៣៧លានករណី ក្នុងនោះស្លាប់ជិត ១៥ម៉ឺននាក់ និងជាសះស្បើយវិញជាង ២លាននាក់។ សហរដ្ឋអាមេរិកត្រូវបានអន្តរជាតិចាត់ទុកថា កំពុងផ្ទុះ COVID-19 រលកទី ២ ទៅហើយ ក្រោយពីរដ្ឋនានាបើកទ្វារសេដ្ឋកិច្ចឡើងវិញ និងបាតុកម្មដែលបានផ្ទុះឡើងយ៉ាងកក្រើក៕