ភ្លេចខ្លួនមិនបាន! បូរីឃាង ហេងចាក់ដីចូលប្រឡាយបឹងហា បណ្ដាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិថ្មី
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញរួមជាមួយអាជ្ញាធរខណ្ឌដង្កោ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពកាយអាចម៍ដីចេញពីប្រឡាយបឹងហា ខណៈដែរម្ចាស់បុរីឃាង ហេងចាក់ដីចូលទៅក្នុងប្រឡាយបិទផ្លូវទឹកបណ្ដាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នាចុងសប្ដាហ៍កន្លងមកនេះ ពោលគឺក្រោយពីទទួលព័ត៌មានថា បុរី ឃាងហេងបានចាក់អាចម៍ដីចូលទៅក្នុងប្រឡាយបឹងហា បណ្ដាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោនោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក៏បានបញ្ជាអោយអាជ្ញាធរខណ្ឌដង្កោនិងមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះទៅធ្វើការត្រួតពិនិត្យទីតាំងខាងលើ។ក្រោយពីឃើញសកម្មភាពចាក់ដីចូលប្រឡាយបែបនេះ អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យក្រុមការងារចុះកាយដីនោះចេញជាបន្ទាន់ដើម្បីធ្វើយ៉ាងណាកុំឲ្យទឹកលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋបន្តទៀត។ ក្នុងសកម្មភាពនោះក្រុមការងារដែលដឹកនាំដោយអាជ្ញាធររាជធានីភ្នំពេញ បានអោយមន្ទីរជំនាញធ្វើការកាយដីចេញពីប្រឡាយ១ផ្នែកបានប្រវែង៦០ម៉ែត្រនិងឱ្យម្ចាស់បុរីកាយអាចម៍ដីចេញពីប្រឡាយនេះជាច្រើនម៉ែត្រផងដែរ។
មន្ត្រីជំនាញ់បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្ដាលអោយមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិថ្មីនៅក្រោយសាលាខណ្ឌដង្កោនេះ គឺដោយសារតែម្ចាស់បុរីឃាង ហេង បានចាក់ដី ចូលទៅក្នុងប្រឡាយ បិទផ្លូវទឹកទើបធ្វើអោយទឹក ហូរមិនទាន់បង្កអោយមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ។តែក្រោយពីកាយអាចម៍ដីប្រវែងប្រមាណ២០០ម៉ែត្រដែលចាក់ចូលប្រឡាយនេះ ទឹកក៏បានស្រកពីភូមិដ្ឋានប្រជាពលរដ្ឋអស់ដែរ៕