អាជ្ញាធរ សៀមរាប ជំរុញឱ្យប្រជាកសិករបង្កើនការផលិតបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែពីខាងក្រៅ
សៀមរាប៖ លោកនាក់ ណេរុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងកម្មវិធីផ្សព្វផ្សាយ និងការតាំងបង្ហាញលក់ផលិតផលបន្លែ របស់បណ្តាសហគមន៍ នៅផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា៖ ដើម្បីជំរុញឱ្យមានសមត្ថភាពប្រកួតប្រជែងបន្លែផ្លែឈើមានសុវត្ថិភាព គុណភាពបន្លែល្អ និងមានប្រភពច្បាស់ លាស់ ដែលកសិករខិតខំដាំដុះដោយផ្ទាល់ សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋខេត្តសៀមរាបនោះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ដែលអនុវត្តន៍ដោយមន្ទីរ ពាណិជ្ជកម្មសហការជាមួយមន្ទីរកសិកម្មខេត្តសៀមរាបបាន រៀបចំឱ្យមាន ផ្សារបន្លែសុវត្ថិភាពនាចុងសប្តាហ៍។
លោកអភិបាលរង បានជំរុញឱ្យប្រជាកសិកបង្កើនការផលិតបន្លែសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីឈានទៅបឈ្ឈប់ការនាំចូលបន្លែរពីខាងក្រៅ ព្រោះថា ខេត្តយើងជាខេត្តកសិកម្មមួយដែរ ដូច្នេះយើងត្រូវតែបង្កើនការផលិតបន្លែផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឱ្យ ប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ដោយថ្ងៃអនាគតមិនចាំបាច់នាំចូលបន្លែមកពីខាងក្រៅ។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងតែធ្វើយ៉ាង ណាឱ្យផ្សារបន្លែរសុវត្ថិភាពចុងសប្តាហ៍នេះ ដំណើរការទៅកាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើការផ្គត់ផ្គងទីផ្សារ តម្លៃប្រកួតប្រជែង និងគុណភាព។ លោកបន្តថា ផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នៅទីរួមខេត្តសៀមរាបនេះ កំពុងតែ ទទួលបានទំនុកចិត្តគួរឱ្យកត់សម្គាល់ពីអ្នកប្រើប្រាស់ ជាពិសេសបន្លែដែលប្រជាពលរដ្ឋផលិតមកតាមការពិនិត្យតាមដានរបស់មន្ត្រីជំនាញ ឃើញ បន្លែទាំងនោះកាន់តែមាន សុវត្ថិភាពផងដែរ។
លោក ទា គឺមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានថ្លែងថា ផ្សារបន្លែសុវត្ថិភាពនាចុងសប្តាហ៍នេះ មានកសិករ ដែលដាំបន្លែសុវត្ថិភាពមកពីបណ្តាស្រុកចំនួន៥ គឺស្រុកពួក ស្រុបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុក ប្រាសាទ បាគង និងក្រុងសៀមរាប កំពុងលក់ដូរ។
លោកបានបញ្ជាក់ថា ផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ដោយមន្ទីរពាណិជ្ជកម្មអ្នករកទីផ្សារឱ្យមានស្ថេរភាពមន្ទីរកសិកម្មជាអ្នកពង្រឹងការផលិតបន្លែផ្លែឈើឱ្យមាន គុណភាព ដើម្បីឱ្យអ្នកប្រើប្រាស់មានទំនុកចិត្ត និងបានផ្សព្វផ្សាយនូវកសិផល ដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាព អនាម័យល្អ តាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខុមាភាពអ្នកបរិភោគ ៕ សំរិត