ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ពិន័យនគរបាល​ខេត្តព្រៃវែង​៧​នាក់ ដែល​​ប្រព្រឹត្ត​ខុសពី​វិន័យ និង​វិជ្ជាជីវៈ​កងកម្លាំង​នគរបាលជាតិ ជំរិតទារលុយពីពលរដ្ឋ

84

 

ព្រៃវែង ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ដាក់វិន័យ​កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​៧​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុសពី​វិន័យ និង​វិជ្ជាជីវៈ​កងកម្លាំង​នគរបាលជាតិ ដោយ​ផ្អាក​ការងារ​បណ្តោះអាសន្ន តាម​សេចក្តីសម្រេច​លេខ ៤៩០​សសរ ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បញ្ជាអោយស្នងការនគរបាលខេត្តព្រៃវែង ចុះទៅធ្វើការសូមទោស ប្រជាពលរដ្ឋពលរដ្ឋ៦គ្រួសារ ចំពោះទង្វើមន្រ្តីរបស់ខ្លួនដែលបានប្រព្រឹត្តខុសវិជ្ជាជីវៈ ក្នុងប្រតិបត្តិការបង្ក្រាប អ្នកប្រើប្រាស់គ្រឿងញៀន នៅស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងប្រគល់ថវិកាសងដល់ក្រុមគ្រួសារវិញ។

នារសៀលថ្ងៃ អាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និង នាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹង ករណី នគរបាលខេត្តព្រៃវែងបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរអគុណដល់លោកមេឃុំ លោកមេភូមិ ដែលបានជួយផ្តល់ព័ត៌មានដល់សមត្តកិច្ចអោយបានដឹងពីមន្រ្តីនគរបាលក្រោមឱវាទដែលបានប្រព្រឹត្តខុសឆ្គងនោះ និងបានសុំទោសដល់ក្រុមគ្រួសារទាំង០៦គ្រួសារខាងលើផងដែរ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ដែរថា មន្រ្តីនគរបាលដែលបានប្រព្រឹត្តខុសវិជ្ជាជីវៈទាំងនោះ នឹងត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានវិធានការដាក់វិន័យតាមបែបកងកម្លាំងយ៉ាងតឹងរឹងបំផុត។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់លោកមេឃុំ មេភូមិ និងតំណាងក្រុមគ្រួសារអោយបន្តការណែនាំ អប់រំដល់ប្រជាពលរដ្ឋ និង សមាជិកក្រុមគ្រួសារទាំងអស់ អោយបញ្ឈប់ការសេពគ្រឿងញៀន និងធ្វើជាប្រជាពលរដ្ឋល្អនៅក្នុងសហគមន៍ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង