គោក្របីរបស៎ពលរដ្ឋ ជាង៣០០ក្បាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសារទឹក
បន្ទាយមានជ័យៈក្រុមភ្នាក់ងារពេទ្យសត្វ មន្ត្រី អាជ្ញាធរដែនដី និងប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងរួមគ្នាបើកយុទ្ធនាការចុះចាក់វ៉ាក់សាំង ការពារបង្ការជំងឺសារទឹកដល់សត្វ គោក្របីនៅតាមមូលដ្ឋានគោលដៅ ដើម្បីធានាដល់សុខភាពសត្វឱ្យបានល្អប្រសើរនោះ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានថ្លែងថា៖នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ គឺជាថ្ងៃយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារបង្ការជំងឺសារទឹកគោក្របីជូនប្រជាពលរដ្ឋ ដែលមន្ត្រីជំនាញអនុវត្តបាន ៣៥០ក្បាល នៅក្នុងភូមិថ្មីឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្ត ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងក្នុងគោលបំណងសំដៅជួយធានាការពារដល់សុខភាព សត្វគោ ក្របីរបស់ប្អូនប្រជាកសិករយើងឱ្យវាឆាប់បានធំធាត់ហើយលក់ដូរបានតម្លៃសមស្របដើម្បីបង្កើនចំណូលចិញ្ចឹមជីវភាពគ្រួសារកាន់តែប្រសើរឡើងថែមទៀត។
លោកអ៊ុំ រាត្រី ក៏បានណែនាំដល់បងប្អូន ប្រជាកសិករ ដែលចិញ្ចឹម សត្វគោក្របីឱ្យយកគោ ក្របីមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺ សារទឹក នេះ ពីមន្ត្រីជំនាញពេទ្យសត្វដែលកំពុងចុះនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា ចៀសវាងសត្វគោ ក្របី រងគ្រោះដល់មានជំងឺ ឬ ងាប់ដែលនាំឱ្យខាតបង់ប្រយោជន៍នោះ។
លោក ឃូពៅ អភិបាលស្រុកព្រះនេត្រព្រះបានប្រាប់ឱ្យដឹងដែរថា៖ សព្វថ្ងៃនេះនៅតាមភូមិ តាមផ្ទះប្រជាពលរដ្ឋនៅឃុំនានានៃស្រុកព្រះនេត្រព្រះ មានការផុលផុសក្នុងការចិញ្ចឹមសត្វពាហន:ពិសេសចិញ្ចឹមសត្វគោសាច់ដើម្បីលក់សម្រាប់បង្កើនចំណូលដល់ជីវភាពគ្រួសារបានធូរធាមួយកម្រិត ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២០នេះ ស្ថានភាពសុខ ភាពសត្វគោក្របីនៅខេត្តបន្ទាយ មានជ័យ មានលក្ខណ:ល្អប្រសើរ មិនមានផ្ទុះករណីជំងឺសារទឹក អុតក្តាម បូសខ្យល់ ឬជំងឺផ្សេងៗនោះទេ។
លោកប្រធានមន្ទីរ បន្តទៀតថា៖ កសិករចាត់ ទុកការចិញ្ចឹមសត្វគោក្របីទាំងនេះ ដើម្បីសម្រាប់លក់ដូរធ្វើជំនួញ។ ពោលគឺជារបរសំ ខាន់សម្រាប់រកចំណូលចិញ្ចឹមជីវភាពប ន្ទាប់ពីធ្វើស្រែចំការ និងរបរផ្សេងទៀតក្នុងនិងក្រៅភូមិ។
របាយការណ៍មន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយមានជ័យប្រចាំឆមាសទី១ ឆ្នាំ២០២០នេះ ឱ្យដឹងថា៖ ការចិញ្ចឹមសត្វគោ របស់ប្រជាកសិករមានជិត១០ម៉ឺនក្បាល គឺកើន ឡើងប្រមាណ១ម៉ឺនក្បាលបើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩កន្លងទៅ៕ សំរិត