លោក យី វាសនា៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងបណ្តុះបណ្តាលឲ្យអត្តពលិកជនពិការជំនាញដល់៣៥០ នាឆ្នាំ២០២៣
ភ្នំពេញ៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ CADA និងនាយកដ្ឋានអប់រំកាយ និងកីឡា បានរៀបចំសិក្ខាសាលា ប្រឆាំង ដូប៉ា/ដូពិង រយៈពេល២ថ្ងៃ ពីថ្ងៃទី២៩ដល់៣០ កក្កដា ឆ្នាំ២០២០ មានសិក្ខាកាម៥០នាក់ ជាមន្ត្រី វេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាលដោយចលនា គ្រូបង្វឹក និងអត្តពលិកមកពី៩ប្រភេទកីឡានៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន ។
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ឆ្ពោះទៅអាស៊ានប៉ារ៉ាហ្គេមលើកទី១២កម្ពុជាធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ សម្រាប់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាត្រូវសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយយើងត្រូវបណ្តុះបណ្តាលធនធានក្នុងស្រុករួមមានអាជ្ញាកណ្តាល គ្រូបង្វឹក ក្រុមគ្រូពេទ្យព្យាបាលដោយចលនាដើម្បីជួយដល់ក្រុមអត្តពលិកជនពិការឲ្យទទួលបានជោគជ័យ។
លោកបានបន្តថា លោកបានជួបជាមួយសហព័ន្ធកីឡាជនពិការអាស៊ី និងសហព័ន្ធកីឡាជនពិការពិភពលោកតាមអនឡាញដើម្បីជួយបង្ហាត់បង្រៀនរកធនធានបច្ចេកទេសក្នុងស្រុក្នុងការកាត់បន្ថយការចំណាយថវិកាជាតិ ដូច្នេះយើងនឹងកាត់បន្ថយអាជ្ញាកណ្តាលអន្តរជាតិបានមួយចំនួនថែមទៀត។សព្វថ្ងៃនេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានកីឡាករ-កីឡាការិនីជនពិការជំនាញចំនួន១២៥នាក់ត្រៀមដណ្តើមមេដាយជូនជាតិ។
លោកអគ្គលេខាបានបន្ថែមទៀតថា ក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ត្រូវបណ្តុះបណ្តាលឲ្យកីឡាករ-កីឡាការិនីជនពិការជំនាញចំនួន៣៥០ឲ្យដូចបណ្តាលប្រទេសដទៃដូចជាម៉ាឡេស៊ី ថៃ និងវៀតណាមមានកីឡាករ-កីឡាការិនីជនពិការជំនាញចំនួនពី៤០០ទៅ៥០០នាក់ឯណោះ៕