រីករាយ ទិវាឧទ្យានុរក្សពិភពលោក
ភ្នំពេញ៖
ទិវាឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយកំណត់យកថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធឧទ្យានុរក្សអន្តរជាតិថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍មូលដ្ឋាន សាធារណជន និងស្ថាប័នឯកជននានាយ៉ាងច្រើន។ ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង៖
– ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ
– លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។
– ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។