អគ្គនាយកកីឡា ប្រាប់ឲ្យសហព័ន្ធប្រដាល់គុនខ្មែរយកចិត្តទុកដាក់ពង្រឹងក្លឹបដើម្បីអភិវឌ្ឍសហព័ន្ធ
ភ្នំពេញ៖ប្រមុខអាជ្ញាធរកីឡាគឺលោកអ៊ុក សិទ្ធិជាតិដែលជាអគ្គនាយកកីឡា បានអំពាវនាវឲ្យសហព័ន្ធកីឡាគុនខ្មែរពង្រឹង សមាគមក្លឹបដែលមានសព្វថ្ងៃ ព្រោះថាសមាគមក្លឹបរួមគ្នាបង្កើតបានជាសហព័ន្ធ ហើយសហព័ន្ធត្រូវការពារផលប្រយោជន៍របស់ក្លឹប បើគ្មានក្លឹបនិងសមាគមគឺសហព័ន្ធមិនដើរទៅមុខឡើយ។
លោកអ៊ុកសិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងបែបនេះនៅក្នុងឪកាសអញ្ជើញចូលរួមបិទវគ្គ
បណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសនិងគ្រូបង្វឹកកម្រិតបឋម ដល់គ្រូប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។លោក បានមានប្រសាសន៍ថាក្លឹបទាំងអស់ត្រូវតែចុះបញ្ជីនិងត្រូវគោរពតាមល័ក្ខខ័ណ្ឌដែលបានកំណត់របស់សហព័ន្ធទើបបានក្លាយជាក្លឹមស្របច្បាប់ មានសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះបោះឆ្នោតទាំងនៅក្នុងប្រទេសក៏ដូចជានៅអន្តរជាតិដែរ ។
លោកបន្ថែមទៀតថាកីឡាប្រដាល់គឺជាប្រភេទកីឡាមួយដែលមានសក្ដានុពលហើយដែលត្រូវដាក់បញ្ចូលនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ដូច្នេះការបណ្ដុះបណ្ដាលលើកគ្រូបង្វឹកនេះយើងមិនមែនសំដៅតែបរិមាណទេគឺផ្ដោតទៅលើគុណភាព ពោលគ្រូបង្វឹកម្នាក់ គឺមិនមែនមានតែសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ គឺទាមទារត្រូវឱ្យចេះភាសាបរទេសថែម
ទៀត ។
គ្រូបង្វឹកដែលបង្ហាត់សិស្សមិនមែនពាក់ព័ន្ធតែនៅលើបច្ចេកទេសទេគឺមានទាក់ទងទៅលើបញ្ហាគុណភាពសុខភាពព្រោះថាមាន
កម្លាំងទើបទៅហាត់យកបច្ចេកទេសហើយបន្ទាប់ពីមានបច្ចេកទេសនិងទៅធ្វើការប្រកួតដើម្បីលេចចេញជាចំណាត់ថ្នាក់និងវាយតម្លៃបាន។លោកបន្តថាពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលនេះគឺក្រសួងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសហព័ន្ធកីឡាជាតិដោយក្រសួងបានចំណាយថវិកាប្រមាណ៣.១០០លានរៀលក្នុង១ឆ្នាំជូនដល់សហព័ន្ធកីឡាជាតិចំនួន៤២ សម្រាប់ធ្វើការអភិវឌ្ឍសហព័ន្ធនីមួយៗ ។ក្នុងនោះ ការចំណាយលើផ្នែករដ្ឋបាលចំនួន២០%លើការបណ្តុះបណ្តាលធនធានមនុស្សចំនួន៣៥%និងការរៀបចំការប្រកួត៤៥%។ហើយការផ្ដល់ថវិកាជូនប្រព័ន្ធនេះ គឺផ្ទេរតាមរយៈប្រព័ន្ធធនាគារ មិនផ្តល់ជាសាច់ប្រាក់សុទ្ធនោះទេ ដោយសារខ្លាចធ្លុះធ្លាយជ្រុះបាត់តាមផ្លូវ ។
បើតាមការឲ្យដឹងរបស់លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថា លទ្ធផលនៃការសិក្សាវគ្គនេះ តាមការពិនិត្យវាយតម្លៃឃើញថាគ្រូបង្វឹកទាំង២៦នាក់ដែលចូលរួមរៀនវគ្គនេះ បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ហើយលទ្ធផលដែលទទួលយកបាននោះ ផ្អែកទៅតាមសមត្ថភាព ដែលធ្លាប់ឆ្លងកាត់ជាគ្រូបង្វឹកផង និងតាមកម្រិតវប្បធម៌ផងដែរ ពោលគឺអាចទទួលយកបាន ក្នុងនោះសិក្ខាកាមទទួលបានលទ្ធផល ល្អមានចំនួន ១០ នាក់ ល្អបង្គរមានចំនួន ១១ នាក់ និង មធ្យម មានចំនួន ០៥ នាក់ ។
លោកប្រធានសហព័ន្ធបានលើកឡើងថាសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានជំនឿជឿជាក់ថាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចមានគ្រូបង្វឹក កីឡាករ កីឡាការិនី ល្អឆ្នើមជាច្រើនចូលរួមប្រកួតកីឡាទាំងជាតិអន្តរជាតិ ជាមួយនិងបណ្តាប្រទេសក្នុងអាស៊ាន និងទទួលបានលទ្ធផលល្អទៀតផង ៕