សមត្ថកិច្ចស្វែងរកចាប់ខ្លួន វេជ្ជបណ្ឌិត ហ៊រ សុវណ្ណា បន្ទាប់ពីចេញថ្នាំឲ្យអ្នកជំងឺម្នាក់ យកទៅលេប នៅផ្ទះ ចំនួន៧ថ្ងៃ ជនរងគ្រោះប្រកាច់ស្លាប់
ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ ក្រោយពីបានលេបថ្នាំដែលវេជ្ជបណ្ឌិតបានផ្សំឱ្យគាត់យកទៅលេបនៅផ្ទះចំនួន៧ថ្ងៃ ក្រោយពេលដែលបុរសរងគ្រោះ បានទៅពិនិត្យរោគវិនិច្ឆ័យឃើញថា ជនរងគ្រោះមានជំងឺរលាកក្រពះ ហើយបន្ទាប់ពីចុះស្រាវជ្រាវ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកចាប់ខ្លួន វេជ្ជបណ្ឌិត ហ៊រ សុវណ្ណា។
សមត្ថកិច្ចបានឱ្យដឹងថា នៅម៉ោង៨និង២០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ ផេង សារ៉ាន់ ភេទប្រុស ឣាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្នុរខាងត្បូង ឃុំស្វាយឣង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានជំងឺឈឺចុកពោះ ហើយបានទៅផ្ទះវេជ្ជបណ្ឌិតឈ្មោះ ហ៊រ សុវណ្ណា ដើម្បីពិនិត្យសុខភាព ស្ថិតក្នុងភូមិ ស្វាយសង្កាត់ចេក បន្ទាប់ពីពិនិត្យរួចវេជ្ជបណ្ឌិតឈ្មោះ ហ៊រ សុវណ្ណា ពិនិត្យឃើញថា ឣ្នកជំងឺឈ្មោះ ផេង សារ៉ាន់ មានជំងឺរលាកក្រពះ និងបានចេញថ្នាំឲ្យឣ្នកជំងឺយកទៅលេបនៅផ្ទះចំនួន៧ថ្ងៃ។ ក្រោយពីពិនិត្យ និងទទួលបានថ្នាំរួចឈ្មោះ ផេង សារ៉ាន់ ក៏បានត្រឡប់ទៅផ្ទះវិញ។
ប្រភពខាងលើបានបន្តថា រហូតដល់វេលាម៉ោង៩និង០០នាទី ជនរងគ្រោះក៏បានយកថ្នាំនោះមកលេប ក្រោយពីលេបរួច ជនរងគ្រោះក៏បានប្រកាច់ស្លាប់តែម្តង។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចេក ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងបានសាកសួរឈ្មោះ យឹម សោភា ជាប្រពន្ធ ចំណែកឈ្មោះ ហ៊រ សុវណ្ណា បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។
ប្រភពខាងលើបានឱ្យដឹងបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យឹម សោភា បានឆ្លើយថា កាលពីវេលាម៉ោងប្រហែល០៨និង២០នាទី មានអ្នកជំងឺឈ្មោះ ផេង សារ៉ាន់ បានមកពិនិត្យជំងឺនៅផ្ទះរបស់ខ្លួន និងបានទិញថ្នាំយកទៅលេបពិតមែន ដោយអ្នកជំងឺនិយាយថា គាត់ឈឺជំងឺនេះ មួយសប្តាហ៍មកហើយ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកចាប់ខ្លួនឈ្មោះ ហ៊រ សុវណ្ណា ចាត់ការតាមច្បាប់៕