ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំសម្របសម្រួលការងារ បោសសម្អាតមីន សម្រាប់ខេត្តដែលរងផលប៉ះពាល់ខ្ពស់ ដោយសារមីន

72

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង​ ក្នុង​នាម​សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំ​បានដឹកនាំកិច្ចប្រជុំដើម្បីសម្របសម្រួលការងារបោសសម្អាតមីនសម្រាប់ខេត្តចំនួន៧ ដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីន រួមមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដើម្បីតម្រង់ទិស និងពង្រឹងយន្តការការរៀបចំផែនបោសសម្អាតមីន ឲ្យបានចំគោលដៅអាទិភាព តាមតម្រូវការរបស់សហគមន៍ និងការងារអភិវឌ្ឍន៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអាជ្ញាធរមីន ប្រធានភីម៉ាក់ និងប្រធានម៉ាពូ ខេត្តទាំង៧ តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការមីន និងគ្រាប់មិនទាន់ផ្ទុះនិងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ តំណាងកងទ័ពជើងគោក និងតំណាងយោធាយោធភូមិភាគ៣ ភូមិភាគ៤ ភូមិភាគ៥។

ក្នុងនាម សម្តេចតេជោ ប្រធានអាជ្ញាធរមីន ខ្ញុំ​បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្តដែលមានភីម៉ាក់ និងម៉ាពូជាអ្នកអនុវត្តការងារដោយផ្ទាល់។

យើងទាំងអស់មានការប្តេជ្ញាចិត្តរួម និងគោលដៅរួម ក្នុងការចូលរួមចំណែកក្នុងកិច្ចគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជន តាមរយៈការងារបោសសម្អាតមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា​ ​ដែល​ គោលបំណង​របស់​សម្តេច​តេជោ​ គឺ​ប្រែ​ក្លាយ​តំបន់​មានមីន​ ទៅ​ជា​តំបន់​មាន​សុវត្ថិភាព​ និង​មាន​ការ​អភិវឌ្ឍ​លេី​គ្រប់​វិស័យ​។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារៈ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។

សូម​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការចូលរួមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងារម៉ាពូ ក្នុងការជ្រើសរើសចម្ការមីនអាទិភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលការជ្រើសរើសនេះ ត្រូវមានការវាយតម្លៃឲ្យបានសុក្រឹត និងច្បាស់លាស់ ព្រមទាំងមានការឯកភាពជាមុនពីគ្រប់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ។

អត្ថបទដែលជាប់ទាក់ទង