សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន ជនត្រូវចោទ ២នាក់ ប្តី-ប្រពន្ធ (ជនជាតិបង់ក្លាដេស និងជនជាតិខ្មែរ) ពីបទនាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ២នាក់ ប្តី-ប្រពន្ធ (ជនជាតិបង់ក្លាដេស និងជនជាតិខ្មែរ) ពីបទនាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនជាតិបង់ក្លាដេស ៤នាក់ តំណាងឲ្យជនរងគ្រោះ១៦នាក់ ជនជាតិបង់ក្លាដេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្តី-ប្រពន្ធ)៖ ឈ្មោះ MOHAMMAD JAHNGIR ភេទប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិបង់ក្លាដេស នាយកក្រុមហ៊ុន CEB BIC CIES CO,Lld ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងប្រពន្ធឈ្មោះ ម៉ម សុខុម អាយុ២៧ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះទាំង១៦នាក់ បានចេញពីប្រទេសបង់ក្លាដេស ចូលមកដល់ប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមរយៈក្រុមហ៊ុនឈ្មោះ CEB BIC CIEB CO.LTD អាសយដ្ឋាននៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានឈ្មោះ MOHAMMAD JAHANGIR ជានាយកក្រុមហ៊ុន ពេលមកដល់ត្រូវឈ្មោះ MOHAMMAD JAHANGIR នាំទៅស្នាក់នៅបណ្តោះអាសន្ននៅផ្ទះមួយក្បែរស្នាក់ការក្រុមហ៊ុន សន្យារកការងារឲ្យជនរងគ្រោះធ្វើបានប្រាក់ឈ្នួល៤៥០ដុល្លារអាមេរិកក្នុងមួយខែ និងធ្វើទិដ្ឋាការការងាររយៈពេលមួយឆ្នាំ និងផ្តល់កន្លែងស្នាក់នៅ។ មុនពេលចេញពីប្រទេសបង់ក្លាដេស ឈ្មោះ MOHAMMAD JAHANGIR បានឲ្យជនរងគ្រោះបង់លុយឲ្យក្នុងម្នាក់ៗ ចំនួន៣០០០ដុល្លារអាមេរិក សម្រាប់ថ្លៃសំបុត្រយន្តហោះ និងទិដ្ឋាការងារ ហើយបានបោកប្រាស់ធ្វើកាត EMIGRATION CLEARANCE CARD ចេញដោយក្រសួងការងារបង់ក្លាដែស ប្រគល់ឲ្យជនរងគ្រោះកាន់។ ពេលមកដល់ប្រទេសកម្ពុជា បានឲ្យជនរងគ្រោះម្នាក់ៗបង់លុយបន្ថែមចំនួន៥០០ដុល្លារអាមេរិកទៀត និងបានប្រមូលយកលិខិតឆ្លងដែន និងកាត EMIGRATION CLEARANCE CARD ទុកដោយកាតនោះក្លែងក្លាយមិនអាចសុំធ្វើទិដ្ឋាការប្រភេទE វីសាការងារ (VISA-E) បានទេ គឺធ្វើបានតែទិដ្ឋាការប្រភេទT វីសាទេសចរណ៍ (VISA-T) ប៉ុណ្ណោះ។ បន្ទាប់មកឈ្មោះ MOHAMMAD JAHANGIR បានចាត់ចែងនាំឲ្យជនរងគ្រោះទៅធ្វើការនៅការដ្ឋានសំណង់នានានៅកម្ពុជា មិនបានទទួលប្រាក់ឈ្នួលពេល។
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះ១៦នាក់ (ជនជាតិបង់ក្លាដេស) ត្រូវបានឈ្មោះ Mohammad Jahangir និងប្រពន្ធ ព្រមទាំងបក្ខពួកឈ្មោះ Zahorul Modal ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ដែលមានអសយដ្ឋាន village Shikol Post Narnotto. P.S: Kahaloo District Borgra Bangladesh និងឈ្មោះ Shajahan ភេទប្រុស អាយប្រហែល៤០ឆ្នាំ ជនជាតិបង់ក្លាដេស រស់នៅប្រទេសបង់ក្លាដេស បានធ្វើសកម្មភាពឃោសនា ជ្រើសរើសសន្យាឲ្យប្រាក់ឈ្នួលចំនួន៤០០-៤៥០ដុល្លារអាមេរិកក្នុង១ខែៗ ពេលមកធ្វើការងារនៅកម្ពុជា។ ដោយបានយកប្រាក់មុនមកកម្ពុជាក្នុងម្នាក់ៗចំនួន៣0០០ដុល្លារអាមេរិក, ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ យកប្រាក់បន្ថែម៥00ដល្លាក្នុងម្នាក់ៗ, បានបញ្ជូនជនរងគ្រោះធ្វើការតាមការដ្ឋានសំណង់នានា គ្មានប័ណ្ណការងារ (Work Permit) ខុសច្បាប់ការងារនៅកម្ពុជា និងអត់បើកប្រាក់ឈ្មួល (កេងប្រវ័ញ្ចពលកម្ម), កម្ពុជាមិនមានច្បាប់អនុញ្ញាត ឬកិច្ចព្រមព្រៀងឲ្យមានការជ្រើសរើសបញ្ជូនពលករ ពីប្រទេសបង់ក្លាដេស ចូលមកធ្វើការនៅប្រទេសកម្ពុជានោះទេ។ សមត្ថកិច្ច បានបន្តទៀតថា វត្ថុតាងដកហូតមានលិខិតឆ្លងដែន ចំនួន២៤ក្បាល។
បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ប្តី-ប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែទី២(ម២)៕