លោក ស្វាយ សំអ៊ាងថា៖ ការធ្វើដំណើរមក លេងខេត្ដ មណ្ឌលគិរីអស់បារម្ភរឿងផ្លូវលំបាកទៀតហើយ
មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី. បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃ០៥ ខែសីហាឆ្នាំ២០២០នេះថា៖ បច្ចុប្បន្ននេះ ការធ្វើដំណើរទៅមកភ្នំពេញមណ្ឌលគិរីគឺអស់បារម្ភរឿងផ្លូវលំបាកទៀតហើយ ទោះបីយប់ឬថ្ងៃក៏ដោយព្រោះផ្លូវជាតិត្រូវបានស្ថាបនាតភ្ជាប់យ៉ាងស្អាតងាយស្រួលបើកបរសម្រាប់យានជំនិះគ្រប់ប្រភេទ។ លោក អភិបាលខេត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋាបាលបានកសាងផ្លូវចាក់កៅស៊ូតភា្ជប់ពីស្នួលខេត្តក្រចេះតភ្ជាប់ដល់ទីរួមខេត្តមណ្ឌលគិរីទើបប្រជា ពលរដ្ឋអស់ទុក្ខកង្វល់ក្នុងការធ្វើដំណើរទៅមករាជធានីភ្នំពេញ។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា«យើងទើបមានអារម្មណ៍មួយរួចផុតពីការ លំបាកចាប់ពីឆ្នាំ២០១១មកទេដែលយើងធ្វើដំណើរទៅភ្នំពេញទោះបីយប់ស្មើណាក៏ដោយយើងខ្លាចតែសុវត្ថិភាពបើកបរអីទេ ប៉ុន្តែខ្លាចឱ្យជាប់ឱ្យអី លំបាករអិលអីទៀតគឺអត់ទេអ៊ីចឹងយើងចាត់ទុកថា ជាការវិវត្តមួយពីហេដ្ឋារចនាសម្ព័ន្ធនេះ អ៊ីចឹងអានេះខ្ញុំគិតថាមានការវិវត្តិខាងផ្នែកផ្លូវ ក្រៅពីផ្លូវជាតិមានផ្លូវតភ្ជាប់ទៅបណ្តាព្រំដែនដែលមានផ្លូវកៅស៊ូផងដែរ»។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧៦តភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះមកដល់ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីមានប្រវែង១២៧ គីឡូម៉ែត្រកំណាត់ផ្លូវជាតិលេខ៧៦ពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីទៅតាអង្គស្រុកលំផាត់ខេត្តរតនគិរីមានប្រវែង១៧២ គីឡូម៉ែត្រ។ចំណែកប្រវែងផ្លូវក្នុងខេត្តសរុប៖ ៨៥១,៣៧ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្នុងខេត្តមានចំនួន ០៨ខ្សែ ប្រវែង ៥៣០,៥គីឡូម៉ែត្រផ្លូវក្នុងក្រុងសែនមនោរម្យមានចំនួន៥៩ខ្សែប្រវែង៦៥,៨៧គីឡូម៉ែត្រនិងផ្លូវលំសរុប៣២ ខ្សែ ប្រវែង ២៥៥ គីឡូម៉ែត្រ។ផ្លូវទៅកាន់ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ០៣ខ្សែ មានប្រវែង ៨៧គីឡូម៉ែត្រ៕ សំរិត