អភិបាលរាជធានីស្នើអោយម្ចាស់ បុរីធំៗនៅរាជធានីភ្នំពេញ មានឡានពន្លត់អគ្គីភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានី នឹងសូមទៅរាជរដ្ឋបាលពិបាលដើម្បីរួចពន្ធនាំចូល
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើសូមអោយម្ចាស់បុរីធំៗនៅរាជធានីភ្នំពេញ មានឡានពន្លត់អគ្គីភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានីនឹងសូមទៅរាជរដ្ឋបាលពិបាលដើម្បីរួចពន្ធ ឡានអគ្គីភ័យទាំងនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យនៅក្នុងបុរី ។ កន្លងមកនេះឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ នោះគឺបុរីម៉េងហូតនិងបុរីនៅកោះពេជ្រតែងបានចេញឡានទឹកមកជួយអន្តរាគមន៍នៅខាងក្រៅពេលមានអគ្គីភ័យកើតឡើងម្តងៗ។ដូច្នេះទេ លោកស្នើអោយម្ចាស់បុរីធំៗ មានឡានពន្លត់អគ្គីភ័យគ្រប់បុរី ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យទាំងអស់គ្នា។
ការស្នើបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី០៥ សីហាឆ្នាំ២០២០នេះ នៅ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងបុរីនៅរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានធ្វើអោយសង្គមជាតិរីកចំរើន ។ លោកថា ការអញ្ជើញបងប្អូនម្ចាស់បុរីមកនេះគឺ ដើម្បីតម្រង់ទិសអោយបុរីនានាឈានទៅរក្សាបានសន្និសុខ សុវត្ថិភាពកាន់តែប្រសើរថែមទៀត។
លោក អភិបាលស្នើអោយម្ចាស់បុរី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច រួមសហការណ៍គ្នាអោយបានល្អ បើសហការបានល្អហើយ នោះក្នុងបុរីនឹងមានសន្តិសុខល្អប្រសើរ។ ផ្ទុយទៅវិញ បើយើងនៅឆ្ងាយពីគ្នា បុរីមួយចំនួននឹងមានបញ្ហាដោយកន្លងមកក្នុងបុរីខ្លះ បង្កើតអោយមានបទល្មើស ដូចជាការជួញដូរគ្រឿងញៀននិងការពរពោះបង្កើតកូនជំនួសជាដើម។ លោកស្នើអោយអាជ្ញាធរបង្កើតទំនាក់ទំនងជាមួយម្ចាស់បុរីអោយបានជិតស្និត ជាមួយនឹងការចុះសួរសុខទុក្ខពួកគាត់ជាប្រចាំ ពួកគាត់មានបញ្ហាអ្វី យើងជួយគាត់ភ្លាម។ នៅក្នុងបុរីធំៗត្រូវបំពាក់ទៅកាំម៉េរ៉ាសុវត្ថិភាព ហើយត្រូវបញ្ជូនមកខេមមិនសិនធើរបស់រាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សាជាសំងាត់។ អ្វីដែលយើងចង់បានគឺយើងចង់បានសន្តិសុខល្អក្នុងបុរី។
លោកឃួង ស្រេង បានបន្តទៀតថា ចំពោះផ្លូវសាធារណៈរមិនអោយដាក់ទួលលើផ្លូវទេ បង្កគ្រោះថ្នាក់ណាស់ តែយើងអាចដាក់គំនូសញ័របាន។ដូច្នេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការងារនេះ តែបើនៅក្នុងបុរីអាស្រ័យលើម្ចាស់បុរីយើងមិនមានការបង្ខិតបង្ខំនោះទេ។
លោកឧត្តមសេនីយ៍ឯកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូននៅក្នុងបុរី និងដើម្បីរកចំណូលអោយខាងបុរីផងដែរ ជាមួយសន្តិសុខល្អប្រសើរនេះឯង ។កាលបើបុរីរកចំណូលបានច្រើន នោះក៏មានថវិកាច្រើនក្នុងការបង់ពន្ធចូលរដ្ឋបានច្រើនផងដែរ។ លោកក៏បានស្នើអោយម្ចាស់បុរីដែលមិនមានច្បាប់សន្តិសុខឯកជន ត្រូវទៅបំពេញច្បាប់ ។បុរីក៏ត្រូវមានសណ្តាប់ធ្នាប់ រៀបចំប្រព័ន្ធចរាចរណ៍អោយបានល្អជៀសវាងបង្កគ្រោះថ្នាក់ចរាចរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននៅរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នៅភ្នំពេញមានភា្នក់ងារសន្តិសុខឯកជន
ចំនួន១២០៦៨នាក់ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន កំពុងដំណើរការមានចំនួន ១៩១ក្រុមហ៊ុន មានភ្នាក់ងារសន្តិសុខឯកជនចំនួន ៦៣៨៨នាក់ស្មើនឹង១៤៣៦គោលដៅ ។ សហគ្រាសគ្រឹះស្ថាន៨៨២ គ្រឹះស្ថាន មានភ្នាក់ងារសន្តិសុខឯកជនចំនួន៥៦៨០នាក់ស្មើនឹង ៨៨២គោលដៅ ។ លោកបន្តថា ភ្នាក់ងារសន្តិសុខឯកជននេះ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមនិងទ្រព្យសម្បត្តិអាយុជីវិតប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលទាំងនេះបានធ្វើឲ្យថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់គាំទ្រគាំពារនូវវិស័យសន្តិសុខឯកជនជាពិសេសភ្នាក់ងារសន្តិសុខឯកជនដែលជាកម្លាំងជំនួយដ៏សំខាន់ដល់កម្លាំងនគរបាលជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនសង្គមជាតិ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា ចំពោះការងារប្រតិបត្តិការ ក្រុមការងារទទួលបានទិន្នន័យបុរីនៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានចំនួន១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែងបានត្រឹមតែ១២៥បុរីតែប៉ុណ្ណោះ ដោយបុរីមួយចំនួនបានបោះបង់និងមួយចំនួនទៀតកំពុងសាងសង់មិនបានប្រើប្រាស់ភ្នាក់ងារឯកជន ហើយក្នុងចំនួន១២៥បុរីនេះ មានចំនួនខ្នងផ្ទះចំនួន៧០១៦២ខ្នង លើផ្ទៃដី៣៧៩១ហិកតានិងមាន ភ្នាក់ងារសន្តិសុខឯកជនចំនួន១១៨២នាក់៕