ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​គយ​ចល័ត​តំបន់​៦ បង្ក្រាប​រថយន្ត​២​គ្រឿង ដែល​ឈ្មួញ​លួច​នាំចូល​គេចពន្ធ​ពី​ប្រទេស​វៀតណាម 

60

 

(​ព្រៃវែង​)៖ កម្លាំង​គយ​ចល័ត​តំបន់​៦ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ា​ត ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ តំបន់​៦ ដោយ​សហការ​ជាមួយ​មន្ត្រី​កង​រាជ​អាវ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​លួច​នាំចូល​គេចពន្ធ មកពី​ប្រទេស​វៀតណាម ចំនួន​២​គ្រឿង តាម​ច្រករបៀង​ប៉ុស្តិ៍​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ចូលមក​ភ្នំពេញ ប្រទេស​កម្ពុជា​។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោង​១៖១៥​នាទី​យប់ ឈានចូល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ ដោយមាន​ការចង្អុលបង្ហាញ​ពី​បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ។​

​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ចាប់​ឃាត់​រថយន្ត​គ្មាន​ពន្ធ​នាំចូល​ចំនួន​ពីរ​គ្រឿង រួមមាន​រថយន្ត Chevrolet ផលិត​ឆ្នាំ ២០១៩ និង​រថយន្ត Lexus GS 300 នៅ​ចំណុច ភូំ​មិ​ពោធិ៍ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​សូមបញ្ជាក់ថា ម្ចាស់​រថយន្ត​ឈ្មោះ ម៉ៅ វណ្ណៈ ហៅ​សុខ​គា បានធ្វើ​សកម្មភាព​លួច​នាំចូល​រថយន្ត​អត់​ពន្ធ​កន្លង​មកជា​ញឹកញាប់ ដោយ​ប្រើល្បិច​បំភាន់​ភ្នែក សមត្ថកិច្ច ប្រកបដោយ​បច្ចេកទេស​ខ្ពស់ តែ​ទោះជា​យ៉ាង​ក្តី ក៏​មិនអាច​គេច​ផុតពី​សមត្ថកិច្ច​គ​យ​ចល័ត​តំបន់​៦ ឡើយ​។​

​សកម្មភាព​របស់​ឈ្មួញ​ដ៏​មាន​ល្បិច​ខ្ពស់​នេះ បាន​ជួល​អ្នកបើកបរ យ៉ាង​ស្ទាត់ជំនាញ​បើក​ក្នុង​លឿន​១៥០ ទៅ​១៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក្នុងស្ថានភាព មេឃ​កំពុង​ភ្លៀង និង​យប់​ងងឹត​ផង ដោយ​មិន​ខ្វល់​ពី​ការគ្រោះថ្នាក់​ចំពោះ​អ្នកដទៃ​។​

​តាម​ចម្លើយសារភាព​របស់​ម្ចាស់ និង​អ្នកបើកបរ បាន​ឲ្យ​ដឹងថា ក្នុង​មួយខែ​ខ្លួន​លួច​នាំចូល​រថយន្ត​មកពី​ប្រទេស​វៀតណាម​បាន​ចំនួន ពី​១៧ ទៅ​ជាង​២០​គ្រឿង ដោយ​យក​ស្លាក​លេខ នគរបាលជាតិ ទៅ​បំពាក់​គ្រប់​រថយន្ត រាល់​ពេលធ្វើ​សកម្មភាព​នាំចូល​។​

​សូមបញ្ជាក់ថា ឈ្មោះ ម៉ៅ វណ្ណៈ នេះ​ធ្លាប់​មន្ត្រី​គយ​ចល័ត​តំបន់​១ ចាប់បាន​រថយន្ត​អត់​ពន្ធ​ដែល​ឈ្មោះ​នេះ​លួច​នាំចូល​កន្លងមក ម្តង​រួចមកហើយ ។​

​តាម​ចម្លើយសារភាព​របស់​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា អ្នក​លួច​នាំចូល​រថយន្ត​អត់​ពន្ធ​នៅមាន​ឈ្មោះ ប៊ុន ធឿន ម្នាក់ទៀត ដែល​សមត្ថកិច្ច​គយ​ធ្លាប់ធ្វើ​ការបង្ក្រាប និង​កំពុង​តាម​ប្រ​ម៉ាញ់​បន្ត​។​

​បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​រក្សាទុក​នៅ​ទីតាំង​គយ​ចល័ត​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើសច្បាប់​គយ ទៅតាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង