ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានកំពុងតែទាញយកកាលានុវត្តភាពនានា ដែលកើតចេញបច្ចេកវិទ្យាឌីជីថល និងការកើន ឡើងនៃភាពតភ្ជាប់តំបន់

71

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង សារអបអរសាទរទិវាអាស៊ាននៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២០ ខួបលើកទី៥៣ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមស្រមោលនៃវិបត្តិ សាកលផ្ទួនៗ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវដ.១៩ និងការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាង ប្រទេសមហាអំណាច។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ថ្ងៃទី៨ ខែសីហា យើងប្រារព្ធខួបលើកទី៥៣ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមស្រមោលនៃវិបត្តិ សាកលផ្ទួនៗ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវដ.១៩ និងការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាង ប្រទេសមហាអំណាច ។ នៅពេលដែលអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ សង្គ្រាមត្រជាក់ បានជះឥទ្ធិពលពាសពេញពិភពលោក ហើយតំបន់របស់យើងក៏ញាំ ញីទៅដោយសភាពការណ៍ តានតឹង។ ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខប្រកបដោយជោគជ័យ ត្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្តប់របស់ខ្លួន។ ផ្តើមចេញពីបំណង ប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ សន្តិភាពក្នុងតំបន់ អាស៊ានបានទទួល ជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្ដៅពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានា មិនឱ្យរីករាលដាលក្លាយទៅជាសង្គ្រាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួនទាំងស្រុងក្នុងឆ្នាំ១៩៩៨ និងបានក្លាយជាសមាជិកចុងក្រោយ របស់គ្រួសារអាស៊ាន ក្នុងឆ្នាំ១៩៩៩។ ធម្មនុញ្ញអាស៊ាន ដែលបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ បានផ្តល់ឱ្យអាស៊ាននូវមូលដ្ឋានគ្រឹះថ្មីមួយទៀត សម្រាប់ការបោះជំហានប្រកប ដោយស្ថិរភាព ឆ្ពោះទៅកាន់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។

ជាមួយនឹងការដាក់បញ្ចូលកម្ពុជា ជាសមាជិករបស់ខ្លួន អាស៊ានមានវិសាលភាពគ្រប់ដណ្តប់លើ ប្រទេសទាំង១០ ដែលមានចរិកលក្ខណៈពិសេសដោយឡែករបស់ខ្លួន និងពោរពេញដោយភាព ចម្រុះ ទាំងផ្នែករចនា សម្ព័ន្ធសង្គម សេដ្ឋកិច្ច និងនយោ បាយ ហើយ នេះជាអ្វីដែលយើងគ្រប់គ្នា លើកឡើងថាជា «ឯកភាពក្នុងភាពចម្រុះ ដែលនេះជាកត្តារួមចំណែកដ៏សំខាន់ដល់ភាពធន់របស់ អាស៊ាន និងស្មារតីរួបរួមគ្នាដ៏ជ្រាលជ្រៅ។ លក្ខណៈសម្បត្តិ ដ៏ពិសេសមួយរបស់អាស៊ាន នោះគឺ អភិក្រមផ្អែកលើគោលការណ៍កុងសង់ស៊ីស ដែលធានាបានថា ប្រទេសសមាជិកអាស៊ានទាំងអស់ មានសម្លេងមួយ ស្មើ ៗ គ្នា មិនថាប្រទេស នោះធំឬតូច ឬមានសេដ្ឋកិច្ចខ្លាំងឬខ្សោយ នោះទេ។ អាស៊ានបានខិតខំប្រឹងប្រែងគ្មានសំចៃ ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ាន តាមរយៈកម្មវិធីមួយចំនួនដូចជា គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន(IAI)។ កម្ពុជាក៏បាន រួមចំណែកយ៉ាងធំធេងដល់ដំណើរការនៃការកសាងសហគមន៍អាស៊ាន ដោយអនុលោមទៅតាម គោលនយោបាយការបរទេសរបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់និយមមួយ ដោយផ្អែកលើវិធានច្បាប់ ប្រកបដោយបរិយាប័ន្ទ និងបើកចំហ។

អាស៊ាន បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវបញ្ហា នានារបស់តំបន់ និងសាកលលោក ហើយតែងតែបញ្ជាក់ឱ្យឃើញថា ខ្លួននៅតែដើរតួនាទីសំខាន់ និងប្រកបដោយលក្ខណៈស្ថាបនា នៅលើឆាកអន្តរជាតិ។ អាស៊ានបានផ្តល់ឱ្យប្រទេសមាជិករបស់ខ្លួននូវខែល សន្តិសុខ និងគម្លាត ជាយុទ្ធសាស្ត្រ សម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយខ្លឹមសារជាមួយនឹងដៃគូនានាដែលប្រកួត ប្រជែងគ្នា ហើយ មានគោលបំណងស្វែងរក ផល ប្រយោជន៍ទៅវិញទៅមកជា មួយ អាស៊ាន ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក និងការទទួល ស្គាល់ មជ្ឈភាពអា ស៊ាន។ អាស៊ាននឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងជាមួយប្រទេសមានអំណាចនានា ទាំងក្នុងកម្រិតតំបន់ និងក្រៅតំបន់។ ដោយមានការងើបឡើងនូវនិន្នាការប្រជាកលនិយម គាំពារ និយម និងជាតិនិយម ខណៈពេលដែលប្រទេសមានអំណាចសំខាន់ៗ កំពុងប្រកួតប្រជែងគ្នា ដើម្បីឧត្តមានុភាព អាស៊ានបានក្លាយជាចំណុចប្រមូលផ្ដុំថ្មី សម្រាប់ការប្រឈមមុខខាងផ្នែក ភូមិសាស្ត្រនយោបាយ ហើយជាការពិតណាស់ ឯកភាពរបស់អាស៊ាន ក៏កំពុងតែទទួលរងនូវសម្ពាធ ពីខាងក្រៅ។ អាស៊ានមិនគួររារែកក្នុងការរក្សា និងជំរុញមជ្ឈភាពរបស់ខ្លួន តាមរយៈការដើរតួនាទី អព្យាក្រឹត ប្រកបដោយ លក្ខណៈស្ថាបនា នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវឌ្ឍនោះទេ។ អាស៊ាន ពុំមានលក្ខណៈគំរាមកំហែងណាមួយឡើយ ហើយអា ស៊ានក៏កំពុងតែមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយនឹងប្រទេស មានអំណាចសំខាន់ៗ និងប្រទេសមានអំណាចធុនកណ្តាល ទាំងអស់ផងដែរ។

ក្រោមមូលបទរបស់អាស៊ានឆ្នាំនេះ – ភាពស្អិតល្មួត និងការឆ្លើយតប ” អាស៊ានបានរួបរួមសាមគ្គីគ្នា តាមរយៈកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗជាច្រើន។ អាស៊ានបាន ដាក់ចេញ នូវវិធានការជាក់លាក់ក្នុងការសម្របសម្រួលវិធានការឆ្លើយ តបបន្ទាន់ ទៅ នឹងជំងឺ រាតត្បាតកូវីដ-១៩ ក្នុងគោលបំណងដើម្បីជួយសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ យន្តការពហុវិស័យ និងពហុកម្រិត ដែល មានអាយុកាលរាប់ទសវត្សរ៍របស់អាស៊ាន បានផ្តល់ លទ្ធភាពឱ្យអាស៊ានធ្វើការគ្រប់គ្រង និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ឆ្លើយតបថ្នាក់តំបន់ចំពោះបញ្ហានេះ។ មូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងវីរុសកូវីដ-១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណ: និងជំងឺដែល កំពុងលេចឡើងនិងផែនការស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយ គឺជាឧទាហរណ៍ដ៏ប្រសើរនៃគោលនយោបាយ ទាំងនេះ។

ជាពិសេសវិស័យសេដ្ឋកិច្ចវិញ អាស៊ានបានបោះជំហានកាន់តែជិតឆ្ពោះទៅកាន់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នៅក្នុងឆ្នាំនេះ ហើយក៏កំពុងបន្ត ធ្វើការងារ ដើម្បីជំរុញការចរចាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប ដែលទើបនឹង ប្រកាសនាពេលថ្មីៗនេះ។ អាស៊ានកំពុងតែពង្រឹងនូវភាពជាដៃគូដ៏រឹងមាំរបស់ខ្លួនជាមួយនឹងអង្គការ សហប្រជាជាតិ ដើម្បីជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អាស៊ានក៏កំពុងតែទាញយកកាលានុវត្តភាពនានា ដែលកើតចេញបច្ចេកវិទ្យាឌីជីថល និងការកើន ឡើងនៃភាពតភ្ជាប់តំបន់។

ក្នុងឱកាស ដ៏វិសេសវិសាលនេះ ខណៈពេលដែលយើងទាំងអស់គ្នា បង្ហូតទង់អាស៊ានខ្ពស់ឡើង ដើម្បីអបអរសាទរសមិទ្ធផល នានា ដែលយើង សម្រេចបានកន្លងមក យើងដឹងយ៉ាងច្បាស់ ថា ការងាររបស់យើងពុំទាន់បានបញ្ចប់ទាំងស្រុងនៅឡើយទេ។ យើងបានកសាងសហគមន៍មួយដែល មានភាពចម្រុះគ្នា ប៉ុន្តែពោរពេញដោយស្ថិរភាព យើងរីកចម្រើនទាំងអស់គ្នា ក្នុងនាមជាតំបន់មួយ ដ៏ខ្លាំងក្លា ដែលបានផ្សារភ្ជាប់ខ្លួនទៅនឹងពិភពលោកខាងក្រៅ និងបានចូលរួមចំណែកដល់ការ រៀបចំសណ្តាប់ធ្នាប់តំបន់ និង សា ក ល លោក យើងបានពង្រឹងអង្គការអន្តររដ្ឋា ភិបាល មួយ ប្រកបដោយភាពជឿជាក់ និងប្រសិទ្ធភាព ដែលទទួលបានការគោរព និងទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ នានា ។ យើងបានធ្វើដំណើរលើ ផ្លូវដ៏វែងឆ្ងាយដើម្បីកំណត់ទីតាំង និងតួនាទីរបស់យើងនៅក្នុង ពិភពលោក និងដើម្បីធានានូវអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជនយើង។ យើងទាំងអស់គ្នាបាន កសាងនូវមូលដ្ឋានគ្រឹះសំខាន់ៗនានា ឆ្ពោះទៅ សម្រេចបាននូវទស្សនៈវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលប្រាថ្នាចង់ឱ្យអា ស៊ានក្លាយជាតំបន់ដែលពោរពេញ ដោយ សន្តិភាព ស្ថិរភាព មានភាពធន់ និងជាតំបន់ដែលសម្លឹងឆ្ពោះទៅខាងក្រៅ នៅក្នុងសហគមន៍ប្រជាជាតិសាកលលោក៕

អត្ថបទដែលជាប់ទាក់ទង