ក្រសួងការបរទេស បង្ហូតទង់អបអរសាទរការប្រារព្ធខួបលើក ទី៥៣ នៃការបង្កើតអាស៊ាន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបង្ហូតទង់អបអរសាទរការប្រារព្ធខួបលើក ទី៥៣នៃការបង្កើតអាស៊ាន ដែលពិធីនេះប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការបរទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ក៏បានផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន (០៨សីហា១៩៦៧-៨ សីហា ២០២០)ផងដែរ។
នៅក្នុងសារលិខិតរបស់ខ្លួន លោក ប្រាក់ សុខុន បានលើកឡើងថា ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខ ប្រកបដោយជោគជ័យ គ្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្ដប់របស់ខ្លួន។ ផ្តើមចេញពីបំណង ប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ សន្តិភាពក្នុងតំបន់ អាស៊ានបានទទួលជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្ដៅ ពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានា មិនឱ្យរីករាលដាលក្លាយទៅជាសង្គ្រាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។
សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១០ប្រទេស ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ហើយក្រោយមក បានបញ្ចូលសមាជិកជាបន្តបន្ទាប់ ដូចជាប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) វៀតណាម និងឡាវជាដើម។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៩៩៕